ក្រសួងបរិស្ថានចេញពិន័យអន្តរការណ៍ និងចេញបញ្ជា​ឱ្យ​កាស៊ីណូនៅខេត្តកំពតបញ្ឈប់បញ្ចេញសំណល់រាវចូលព្រែកចាក

(ភ្នំពេញ)៖ ក្រុមហ៊ុនកាស៊ីណូមួយកន្លែងដែលស្ថិតនៅ​ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពត ត្រូវ​បានក្រសួងបរិស្ថានប្រកាសដាក់ពិន័យអន្តរការណ៍ និង​ចេញបញ្ជាឱ្យកាស៊ីណូមួយនេះ បញ្ឈប់បញ្ចេញ​សំណល់​រា​វចូលព្រែកចាកបន្តទៅទៀត។

យោងតាមប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ថាក្នុងការចុះពិនិត្យ និងដឹកនាំមន្រ្តីជំ​នាញ​ចុះពិនិត្យកាស៊ីណូ Casino Knhom ឃើញថា កាស៊ី​ណូមួយនេះបានបង្ហូរទឹកកខ្វក់ និងបំពុលពីការបង្ហូរ​សំណល់រាវចូលព្រែកចាកនិងបង្កផលប៉ះពាល់នៃប្រភពទឹកមួយកន្លែងនេះ។

ដោយក្នុងនេះក្រសួងបរិស្ថានបានធ្វើការសន្និដ្ឋាន និងបញ្ជាក់លទ្ធផលការត្រួតពិនិត្យដូចខាងក្រោម ៖

១-កាស៊ីណូបានបញ្ចេញសំណល់រាវ បង្កជាកិ្លនស្អុយ ប៉ះពាល់ដល់៩គ្រួសារដែលស្ថិតនៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត

២-ការបង្ហូរសំណល់ទឹកកខ្វក់របស់កាស៊ីណូបានបង្ក​ផលប៉ះពាល់ដល់ទឹកព្រែកចាក ដោយស្ថានភាពទឹកព្រែក​ចាកចាប់ពីខាងលើចំណុចប្រសព្វរវាងប្រឡាយបង្ហូរសំណល់ទឹកកខ្វក់ជាមួយព្រែកចាក ប្រមាណ៥០ម៉ែត្រ និងខាង​ក្រោមប្រមាណ៤៥០ម៉ែត្រ ទឹកមានស្ថានភាពពណ៌ខ្មៅ និងមានក្លិនស្អុយ

៣-កាស៊ីណូមិនទាន់មានប្រព័ន្ធប្រព្រឹត្តិកម្មសំណល់​ទឹក​កខ្វក់នៅឡើយទេ

៤-កាស៊ីណូមិនទាន់បានរៀបចំទីតាំងទុកដាក់​សំរាម​សំណល់​រឹងបានត្រឹមត្រូវនៅឡើយ

៣-បញ្ចេញសំណល់រាវ សំណល់រឹង ពុំមានលិខិតអនុញ្ញាត​ពីក្រសួងបរិស្ថាន

៤-ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍​វាយ​តម្លៃហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារ​បរិស្ថាន​។

ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុន

១-ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវចេញពីទីតាំង​កាស៊ីណូ ចូលទៅប្រភពទឹកសាធារណៈ (ព្រែកចាក) ជា​បណ្តោះអាសន្ន រហូតបញ្ចប់ការសាងសង់អាង​ប្រព្រឹត្តិ​កម្ម និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។

២-អនុវត្តពិន័យអន្តរការណ៍ លើករណី៖
-ការបញ្ចេញសំណល់រាវពុំបានធ្វើការសម្អាតត្រឹមត្រូវ និងលើសកម្រិតកំណត់ស្តង់ដារបញ្ចេញ ល្មើសទៅ​នឹង​មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៩ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ, មាត្រា៤ មាត្រា៦ នៃអនុក្រឹត្យស្តីពីការ ត្រួតពិនិត្យការបំពុលទឹក និង​មាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការកែសម្រួល មាត្រា៤ មាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យស្តីពីការ​ត្រួតពិនិត្យការបំពុលទឹក និងត្រូវរៀបចំប្រព័ន្ធប្រព្រឹត្តិកម្ម​សំណល់រាវ ដាក់ឱ្យដំណើរការតាមលក្ខណៈបច្ចេកទេស មានសមត្ថភាពសម្អាតឆ្លើយតបតាមស្តង់ដារបញ្ចេញសំណល់រាវ ដោយប្រើប្រាស់ក្រុមហ៊ុន ផ្តល់សេវាវិស្វកម្ម​បរិស្ថាន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន

  • បង្កឱ្យមានការបំពុលទឹកព្រែកចាក ល្មើសទៅនឹង​មាត្រា​១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៩០ នៃក្រម​បរិស្ថាននិងធនធានធម្មជាតិ, មាត្រា៤ មាត្រា៦ នៃ​អនុ​ក្រឹត្យ​​ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពី ការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រា​១១ មាត្រា១២ មាត្រា១៣ មាត្រា១៧ និងតារាង ឧបសម្ព័ន្ធ​២ ឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ និងឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យស្តីពីការ ត្រួតពិនិត្យការ​បំពុលទឹក និងកាស៊ីណូត្រូវធ្វើការស្ដារសម្អាត​ទីតាំង​ដែលទទួលរងការបំពុលឱ្យមានភាពល្អប្រសើរ ឡើងវិញ
  • បញ្ចេញសំណល់រាវ សំណល់រឹង ពុំមានលិខិតអនុញ្ញាត​ពីក្រសួងបរិស្ថាន ល្មើសទៅនឹងមាត្រា១៧៣ មាត្រា២៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
  • ដំណើរការអាជីវកម្ម ដោយពុំបានរៀបចំរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងកិច្ចសន្យាការពារ​បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាន និង​ធនធានធម្មជាតិ និងត្រូវរៀបចំរបាយការណ៍វាយ​តម្លៃ​ហេតុប៉ះពាល់បរិស្ថាន។

៣-ត្រូវផ្តល់សំណងការខូចខាតផលប៉ះពាល់បរិស្ថាន និង​សុខភាពសាធារណៈ ទៅតាមការគណនាជាក់ស្តែង​របស់​មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធាន​ធម្មជាតិ ។

៤-ក្រុមហ៊ុនត្រូវធ្វើការស្ដារសម្អាត ប្រព័ន្ធព្រែកចាក ដែល​ទទួល​រងការបំពុល ឱ្យមានភាពល្អប្រសើរឡើងវិញ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner