យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ប្ដេជ្ញា​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​បញ្ជា​ការដ្ឋានកងទ័ពជើងគោកកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង(Nguyen Truong Thang)មេបញ្ជាការ​បញ្ជា​ការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបាន​អនុ​ញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការ​គួរសម និងបានគោរពរាយការណ៍​ជូនសម្តេចបវរធិបតី​អំពី​កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេស រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រ​ជា​ជន​វៀតណាម និងកងទ័ពជើងគោកកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ពីការប្តេជ្ញាចិ​ត្ត​ក្នុង​ការ​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​យោធ​ភូមិ​ភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តា​អង្គ​ភាព​កងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ក៏បានគោរពជម្រាបជូន សម្តេច​បវរ​ធិបតីផងដែរថា ក្នុងដំណេីរទស្សនកិច្ចនាពេលនេះ ក៏ដេីម្បីជូនពរដល់អង្គភាពនៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹង​ឈានចូលមកដល់នាពេលខាងមុខនេះ។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះ​ទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរ​សុខ​ទុក្ខ និងជូនពរគ្នាទៅវិញទៅមករវាងកងទ័ព នៃប្រទេស​ទាំង​ពីរ ជាសកម្មភាពដ៏ល្អប្រពៃមួយ។

សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និង​យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជាពិ​សេសកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជា​នាពេល​កន្លងមក​។

សម្តេចបវរធិបតីក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិ​ការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបណ្តាអង្គភាពកងទ័ពចំណុះកងទ័ពជើង​គោកកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner