ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុង​ដំ​ណើរ​ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំ​កម្ពុជា, វៀតណាម និងឡាវ និងសហការី ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នា​រសៀល​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។

លោកស្រីនាយិកា ក៏បានសម្ដែងនូវការកោតសរសើរ​ចំ​ពោះ​ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស​លើគ្រប់វិស័យ​របស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីភាពជាដៃគូ​ដ៏រឹង​មាំរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាល នៅ​ក្នុង​កិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

លោកស្រីនាយិកា ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការអនុម័តលើឯកសារស្តីពី ≪ ក្របខណ្ឌភាពជា​ដៃគូ​របស់​ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់​ឆ្នាំ២០២៥​-២០២៩≫ និងបានគូសបញ្ជាក់អំពីការបេ្ដជ្ញាចិត្ត​របស់​ធនា​គារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំ​ទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានថ្លែងអំណរគុណដល់ធនា​គារ​ពិភពលោក ដែលតែងតែគាំទ្រ និងរួមចំណែកដល់​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីការដាក់​ចេញ​នូវគោលនយោបាយ និងវិធានការនានា​របស់រាជ​រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម សំដៅដល់ការជំរុញកំណើន និងការអភិវឌ្ឍ ដោយផ្តោតលើវិស័យជាច្រេីនមានជាអាទិ៍៖ សេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យឡូជីស្ទីក ក៏ដូចជាការដាក់ចេញនូវគោល​នយោ​បាយលើកទឹកចិត្តក្នុងការទាក់ទាញនូវវិនិយោគទុនបន្ថែមមកកាន់កម្ពុជា ព្រមទាំងវិធានការគន្លឹះក្នុងការធានា​នូវ​បវិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ជាពិសេសការបង្ក​លក្ខណៈអំណោយផលដល់វិស័យ​ឯកជនក្នុងការធ្វើ​​សមាហរណកម្ម និងពង្រឹងភាពធន់​របស់ខ្លួន។

សម្ដេចបវរធិបតី និងលោកស្រីនាយិកា ក៏បានពិភាក្សា​គ្នា​អំពីកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ដោយក្នុងនោះ សម្ដេចបវរធិបតីក៏បានគូស​បញ្ជាក់អំពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាម​រយៈ​ការពង្រឹងការអប់រំជាមូលដ្ឋាន ការបណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ ការពង្រឹងវិស័យសុខាភិបាល ព្រមទាំង ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ។

លោកស្រីនាយិកាបានសម្ដែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជានៅក្នុងការ​អភិវឌ្ឍ​មូលធនមនុស្ស ដែលជាកត្តាចាំបាច់នៅក្នុងការ​ជំរុញភាពជោគជ័យនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រីនាយិកាបន្តសហការ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​របស់​​កម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner