សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយក​ទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេស​នានា ឱ្យកាន់តែច្រើន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរ​សហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធាន​ប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោន​បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយ​ទូរទស្សន៍​ថោន (TOWN) ដោយបានរៀបចំការប្រកួតពី ២ សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦ សង្វៀន ក្នុងមួយ​សប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហ​ប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយ​នឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានា នៅតាម​បណ្តាប្រទេស មួយចំនួន។

ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​តេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការ​ដឹក​នាំ​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​សម្ដេចបវរ​ធិបតី ប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាង​ច្រើន​ពី​សំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបាន​ផ្សព្វ​ផ្សាយ​ប្រដាល់គុនខ្មែរយ៉ាងទូលំទូលាយ​ទៅកាន់​ពិភព​លោក។

ឯកឧត្តម វ៉ា សុធា ក៏បានគោរពរាយការណ៍ជូន សម្ដេច​បវរធិប​​តី អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែ​ក្រវាត់​តេជោសន្តិភាពលើកទី ៣ រវាងកីឡាករកម្ពុជា និងកីឡាករ​មកពីសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាបនាពេលខាងមុខនេះ ដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក (World Championship Kickboxing-WCK) ព្រមទាំងនឹងមានការផ្សាយបន្តផ្ទាល់ពីការប្រកួតនេះ ទៅកាន់សហរដ្ឋអាមេរិកផងដែរ។

សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ ចំពោះ​គណៈ​ប្រតិភូ​គុនខ្មែរក៏ដូចជាគណៈប្រតិភូ មកពីស្ថាប័នប្រដាល់​សេរីពិភពលោក (WCK) និង បានសម្ដែងនូវសេចក្តីសោម​នស្សរីករាយ និងកោតសរសើរចំពោះស្ថានីយ៍ទូរទស្សន៍ ថោន (TOWN) ដែលបានសហការជាមួយនឹងស្ថាប័ន​ប្រដាល់សេរីពិភពលោក (WCK) ក្នុងការរៀបចំការប្រកួត​ដណ្ដើមពានរង្វាន់សម្ដេចតេជោសន្តិភាពលើកទី ៣ នៅ​ខេត្តសៀមរាប ដែលនេះ គឺជាឱកាសមួយដ៏ល្អនៅ​ក្នុង​ការ​ជំរុញ ការផ្សព្វផ្សាយ និងការលើកកម្ពស់ស្មារតីសិល្បៈ​ក្បាច់​គុនខ្មែរ ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់​ពិភពលោក។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីភាព​សម្បូរបែប​នៃ​សិល្បៈក្បាច់គុនបុរាណខ្មែរ និងបានសម្ដែងនូវការ​វាយ​តម្លៃខ្ពស់ចំពោះ ស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈគុនបុរាណខ្មែរ ដែល​នេះគឺជាវប្បធម៌របស់កម្ពុជា មិនត្រឹមជាសិល្បៈ​ការពារខ្លួន និងសិល្បៈក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុងការកសាងមិត្តភាពផងដែរ ។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគាំទ្រសិល្បៈ​ក្បាច់​គុនបុរាណខ្មែរ រួមមានការដាក់បញ្ចូលគុនល្បុក្កតោ ទៅក្នុង​បញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់​អង្គការ UNESCO ជាផ្លូវការ និងបានដាក់យុទ្ធគុន មួយ​ចំនួន ចូលទៅក្នុងវិស័យកងទ័ព ដូចជាគុនល្បុក្កតោ យុទ្ធក្រមខម និងគុនខ្មែរ ជាដើម។

សម្ដេចក៏បានគូសបញ្ជាក់ថា សម្តេចចង់ឃើញ យុទ្ធគុនខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាម​បណ្ដា​ប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត។

សម្ដេចបវធិបតី ក៏បានលើកទឹកចិត្តឱ្យស្ថានីយ៍ទូរទស្សន៍​ថោន (TOWN) បន្តសហការរៀបចំការប្រកួតជាលក្ខណៈ​អន្តរជាតិជាមួយនឹងស្ថាប័នប្រដាល់សេរីអន្តរជាតិនានា ឱ្យ​បានកាន់តែច្រើនបន្ថែមទៀត និងបានជូនពរឱ្យការរៀប​ចំ​ការ​ប្រកួតដណ្ដើមខ្សែក្រវាត់សម្ដេចតេជោសន្តិភាពលើកទី ៣ នៅខេត្តសៀមរាប ទទួលបានជោគជ័យ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner