អ្នកកាសែតដែលមន្ត្រីអាមេរិកច្រឡំ Add ចូល Group Chat ទម្លាយផែនការសង្គ្រាមលោក Trump

បរទេស៖ លោក Jeffrey Goldberg និពន្ធនាយក របស់ទស្សនាវដ្តី The Atlantic ដែលបានសង្ងំស្តាប់ការជជែកគ្នា របស់ក្រុមមន្ត្រីអាមេរិកកំពូលៗ បានទម្លាយខ្ទេចខ្ទី អំពីផែនការធ្វើសង្គ្រាម របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។

ការទម្លាយនេះ បានធ្វើឡើង ក្រោយពេលដែលទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗ បានចុះផ្សាយថា រដ្ឋបាលលោក Trump បានច្រលំដៃ add លោក Jeffrey Goldberg ចូលក្រុម (Group Chat) ផែនការសម្ងាត់របស់សហរដ្ឋអាមេរិក រួមទាំង គម្រោងវាយប្រហារពួកឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន កាលពីពាក់កណ្តាលខែមិនា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោយដឹងពីការបែកធ្លាយនេះ លោក Trump អះអាងថា លោកមិនដែរស្គាល់ទស្សនាវដ្តី The Atlantic ទាល់តែសោះ កន្លងមក។ រីឯ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth បាននិយាយថា ក្នុងក្រុបដែលគេដាក់ឈ្មោះថា Houthi PC មួយនេះ ពុំមានការសរសេរ រៀបរាប់ពីផែនការសង្គ្រាម នោះទេ ហើយបានហៅលោក Goldberg ថា ជាមនុស្សសំរាម ដែលធ្វើសកម្មភាពខុសច្បាប់។

ប៉ុន្តែ និពន្ធនាយក Goldberg បានឆ្លើយតបវិញថា លោក រដ្ឋមន្ត្រីការពារជាតិរូបនេះ និយាយកហុក ព្រោះលោក Hegseth ជាអ្នកបញ្ចេញសារ អំពីផែនការសង្រ្គាម នៅក្នុងក្រុបនេះ។ លោកថែមទាំងបានរៀបរាប់ថា ក្នុងពេលជជែកគ្នានោះ លោកអនុប្រធានាធិបតី JD Vance ក៏បានលើកឡើងពីការព្រួយបារម្ភ លើពេលវេលានៃការវាយប្រហារពួកហ៊ូធី ផងដែរ ដោយពេលនោះ លោក Vance ទទូចចង់ឲ្យពន្យាពេលវាយប្រហារ មួយខែសិន ដោយបារម្ភថា មានហានិភ័យលើតម្លៃប្រេង កើនឡើងខ្លាំង។ លោក Vance បានលើកឡើងពីឈ្មោះលោកTrump ហើយក៏បានសួរនាំពីប្រតិកម្មមិនស៊ីសង្វាក់គ្នា ជាមួយសម្ព័ន្ធអាមេរិក នៅអឺរ៉ុប ជុំវិញការដឹកជញ្ជូនទំនិញ ឆ្លងកាត់សមុទ្រផងដែរ។

យ៉ាងណាមិញ លោក Gabbard នឹងត្រូវផ្តល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា ស្តីពីការគំរាមកំហែងទូទាំងពិភពលោក ចំពោះសហរដ្ឋអាមេរិក។ តាមច្បាប់ ការបែកធ្លាយនេះ អាចជាបទឧក្រិដ្ឋកម្មមួយ ក្នុងការគ្រប់គ្រងខុស ការប្រើប្រាស់ខុស ឬ អាចការបំពានព័ត៌មាន ដែលបានចាត់ថ្នាក់។

សមាជិកសភាបក្សប្រជាធិបតេយ្យ បានហៅការប្រើបណ្តាញក្រុបនេះថា ខុសច្បាប់ ហើយទាមទារឲ្យមានការស៊ើបអង្កេត។ មេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភា លោក Chuck Schumer បាននិយាយថា នេះគឺជាការរំលោភបំពាន ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ នៃការស៊ើបការណ៍យោធា ដែលមិនធ្លាប់បានជួប៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner