ខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)
(ខេត្តកណ្តាល)៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអបអរសាទរខេត្តកណ្ដាលទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានខិតខំទទួលបានសមិទ្ធផលនានា នាពេលកន្លងមកទាំងគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច និងវប្បធម៌។
ទន្ទឹមនឹងនេះ យើងសង្កេតឃើញការផ្លាស់ប្ដូរកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើង ជាពិសេសការកែលម្អលក្ខខណ្ឌការរស់នៅ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្ដូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព ពីការបន្ទោសបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងបែបនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ កាពីព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ ។
ឯកឧត្ដម រដ្ឋមន្ត្រី បន្ថែមថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨ ដោយឈរលើទស្សនៈវិស័យ នៃគោលនយោបាយ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌” សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែប្រសើរឡើង។ បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ហើយគិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៨៩.៩០% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧.៤០% ខណៈការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩២.៤០% ហើយនៅត្រឹមឆ្នាំ២០៣០ ក្រសួងបានដាក់ផែនការសម្រេចអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសឱ្យបាន ១០០%។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតត្រឹមឆ្នាំ២០២៤ ខេត្តកណ្ដាលមានខ្នងផ្ទះសរុបចំនួន ២៧០ ៣០០ ខ្នងផ្ទះ ដែលមានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨ ០៩២ ខ្នងផ្ទះ ។ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ស្មើនឹង ១០០% ក្នុងនោះ ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣% ។ ចំនួន ក្រុង-ស្រុក ODF+ មានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០% ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០% ចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០%។
ឯកឧត្ដម អភិបាលខេត្តបន្តថា៖ ចំពោះសមិទ្ធផលលេចធ្លោលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅឆ្នាំ២០២២ ខេត្តកណ្ដាលទទួលបានជ័យលាភីជាខេត្ត ODF ហើយនៅឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទខេត្ត (PWG-RWSSH) បានសហការយ៉ាងស្វិតស្វាញជាមួយមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការដៃគូ ជាពិសេសអង្គការវ័តធឺអេត (WaterAid) បានប្តេជ្ញាចិត្តរួមគ្នាជំរុញខេត្តកណ្ដាល ធ្វើយ៉ាងណាឱ្យសម្រេចបានស្ថានភាព ODF+ យ៉ាងយូរនៅតឹ្រមដំណាច់ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា













