ក្រសួងដែនដី ចាប់ដៃគូសហការជាមួយធនាគារជាតិ ដើម្បីពង្រឹងឧស្សាហកម្មកម្ចីប្រាក់ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចាប់ដៃគូសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងឧស្សាហកម្មកម្ចីប្រាក់ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងការលើកម្ពស់ប្រព័ន្ធវេលុយបែបឌីជីថល (បាគង) ដែលក្នុងនោះក្រសួងនឹងប្រគល់ទិន្ន័យទៅឱ្យ បាគង ដើម្បីផ្តល់សេវាលក់ផ្តាច់ អំណោយផ្តាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលនឹងផ្តល់ភាពងាយស្រួល និងជាគោលនយោបាយរបស់ថ្នាក់ដឹកនាំក្រសួងក្នុងការផ្តល់សេវាគាប់ចិត្ត ទៅដល់ប្រជាពលរដ្ឋទូទៅ ។
ថ្លែនៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានលើកឡើងថា យើងទាំងអស់គ្នាត្រូវរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានរៀបរយ ហើយមិនមានពេលវេលាណាដែលអំណោយផលដូចពេលនេះទេ ក្នុងការរៀបចំផ្ទះសម្បែងរបស់យើងឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រាក់ដុល្លារ និងប្រាក់រៀល អាចដំណើរការនៅក្នុងលំហូរសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនេះគឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជាដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវតាំងពីឆ្នាំ១៩៧៩មក ហើយការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកសំណើដល់ធនាគារជាតិនៃកម្ពុជា ថាតើអាចមានការឯកភាពសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្រិតណាក្នុងវិស័យដីធ្លី ដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដី ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ ។
ជាការឆ្លើយតប លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងអំពីស្ថានភាពវិស័យធនាគារ និងទំនាក់ទំនងជាមួយវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយក្នុងនោះ លោកជំទាវបានផ្តាំផ្ញើដល់អ្នកដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលហើយនោះ ត្រូវថែរក្សាទុកជាកេរមរតក និងសូមកុំយកទៅលក់ ឬដាក់បញ្ចាំនៅធនាគារភ្លាមៗ ហើយត្រូវប្រើប្រាស់បណ្ណកម្មសិទ្ធិនេះ ប្រកបដោយការទទួលខុសត្រូវ ។
លោកជំទាវបញ្ជាក់ថា ទំនាក់ទំនងរវាងអចលនទ្រព្យ និងធនាគារ គឺមានភាពស្អិតរមួត តាមរយៈការដាក់ទ្រព្យបញ្ចាំដើម្បីបានប្រាក់កម្ចី ហើយការឡើងឬចុះនៃតម្លៃអចលនទ្រព្យក៏មានផលប៉ះពាល់ដល់ធនាគារដែរ ។ ជាមួយនេះ លោកជំទាវអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការល្អផងដែរ ៕
ដោយ / គ្រី សម្បត្តិ




