ឯកឧត្តម ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាល​ជប៉ុន​ត្រូវនាំយកចំណេះវិជ្ជា មករួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងឱកាស ទទួលជួបជាមួយនិស្សិតជ័យ​លា​ភី​អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹង​ត្រូវចេញទៅបន្តការសិក្សានៅ​ប្រទេស​ជប៉ុន នាដើម​ខែ​មេសា និងដើមខែតុលាខាងមុខនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​សម្តែង​ការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍​ណែ​នាំដល់និស្សិតជ័យលាភីដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យ​លាភី​ទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា ចំណេះធ្វើ និង​បទពិ​សោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអ​ភិវឌ្ឍ​សង្គម សេដ្ឋកិច្ចនៅកម្ពុជា។

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និង​​បណ្តុះ​​បណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើ​ដល់និស្សិតជ័យលាភី ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវបង្ហាញពីភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ និងប្រើប្រាស់ពេល​វេលា​របស់ខ្លួនធ្វើសកម្មភាពផ្សេងៗក្រៅពីម៉ោងសិក្សា ដូចជាការ​បង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ការធ្វើដំណើរទៅ​កន្លែងផ្សេងៗ និងការរៀនសូត្រពីវប្បធម៌បរទេសជាដើម។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធី​សិក្សា​អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) គឺជាកម្មវិធីសិក្សាដ៏ល្អ ដែលកម្ពុជា​កំពុង​មាន​តម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ហើយអាចចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចផ្អែកលើវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាទំនើប។

គួរបញ្ជាក់ថា អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំ​សិក្សា​២០២៥ (MEXT Scholarship 2025) ដែលផ្តល់​ជូន​និស្សិតជ័យលាភីចំនួន ៣១នាក់នេះ រួមមានថ្នាក់ស្រាវជ្រាវ (Research), ថ្នាក់ឧត្តមសិក្សា (Undergraduate), ថ្នាក់មធ្យមសិក្សាបច្ចេកទេស(College of technology), ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized training college)។ កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) ត្រូវបានបង្កើតឡើង​តាំងពីឆ្នាំ​១៩៥៤ និងបានផ្ដល់អាហារូបករណ៍ដល់​យុវជនកម្ពុជា​ចាប់ពីឆ្នាំ១៩៩៣ ដែលពិតជាបានចូលរួមចំណែក​យ៉ាង​សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner