កម្ពុជា-ឡាវ ប្ដេជ្ញារួមគ្នាទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្មបន្ថែមទៀត
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានប្តេជ្ញារួមគ្នាខិតខំទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនឲ្យកាន់តែសកម្ម រូមទាំងខិតខំធ្វើយ៉ាងណានាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមទស្សនវិស័យរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅប្រទេសឡាវ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-ឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងបន្តអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។
លោក រ៉េន រតនៈ បានឲ្យដឹងទៀតថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវបានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងស្នាដៃ ការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ដោយក្នុងនោះរួមមានការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ ទូទៅតាមខ្សែបន្ទាត់ព្រំដែន ក៏ស្ថិតក្នុងចំណោមប្រធានបទនៃជំនួបចង្អៀតនោះដែរ ។
លោកបន្តថា ភាគីទាំងពីរ បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ដោយបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការ ចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យា ព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល ។
បើតាមអ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួប ឯកឧត្តម សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រី ឡាវ នៅវិមានរដ្ឋាភិបាល ពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជា ឡាវ និងផលប្រយោជន៍រួមរវាងប្រទេស និងប្រជាជន កម្ពុជា ឡាវ ៕
ដោយ / គ្រី សម្បត្តិ







