ផ្សព្វផ្សាយវិស័យហិរញ្ញវត្ថុ ដល់សំណាក់ពលរដ្ឋ នឹងជួយឱ្យការប្រើប្រាស់ថវិកា បានត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់ជីវិតរស់នៅ
(ភ្នំពេញ)៖ ការបញ្ជ្រាបចំណេះដឹងពីហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានដល់សំណាក់ប្រជាពលរដ្ឋ និង រួមទាំងការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅរបស់សាលារដ្ឋមិនត្រឹមតែជួយតម្រង់ទិស ក្នុងការប្រើប្រាស់ថវិការបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទេ តែវាក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្តីពី”ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ”នាសណ្ឋានគារ NOVOTELក្នុងរាជធានីភ្នំពេញ លោក ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា៖សមាគមទាំង២គឺសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា បានខិតខំយ៉ាងខ្លាំងជាមួយការងារជាច្រើននាកន្លងមក។ក្នុងចំណោមនេះការផ្សព្វផ្សាយ និងការផ្តល់ចំណេះដឹងដល់សាធារណៈជនគឺជាការងារអាទិភាពដែលបានបញ្ជ្រាបដល់អតិថិជន។
ក្រៅពីនេះសាធារណៈជនទូទៅដែលមិនមែនជាអតិថិជនក៏គាត់ត្រូវតែទទួលបាននូវចំណេះដឹងដូចគ្នាផងដែរ។សមាគមទាំង២នេះបានគាំទ្រក្នុងការដាក់បញ្ចូលកម្មវិធីមីក្រូហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាដែលមានសម្រាប់សិស្សថ្នាក់ទី៤ និងទី៧ជាដើម។
ថ្មីៗនេះក៏មានការរៀបចំដាក់បញ្ចូលកម្មវិធីសិក្សាថ្មីៗបន្ថែមទៀតដល់សិស្សានុសិស្ស ដែលទាំងនេះគឺធ្វើឡើងសម្រាប់ កសាងធនធានមនុស្សនៅកម្ពុជា ដែលជាទំពាំងស្នងឬស្សី ដើម្បីឱ្យពួកគេមានបំណិនជីវិតទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ក្រៅអំពីនេះការធ្វើសិក្ខាសាលានៅតាម ភូមិ ស្រុក ក៏ជាផ្នែកសំខាន់មួយទៀត សម្រាប់ផ្តល់លើចំណេះដឹង មីក្រូហិរញ្ញវត្ថុដល់ពលរដ្ឋឱ្យបានជ្រួតជ្រាបពីបញ្ហានេះក្នុងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះកន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជាក៏បានបញ្ជ្រាបចំណេះដឹងផ្នែកសុវត្តិភាពមីក្រូហិរញ្ញវត្ថុដល់អាជ្ញាធរភូមិឃុំ និង ជនបង្គោលដើម្បីឱ្យពួកគាត់មានចំណេះដឹងហើយ អាចធ្វើការចែករំលែក ចំណេះដឹងដល់សហគមរបស់គាត់បន្ថែមទៀត។ក្រៅពីនេះសមាគមទាំង២នេះក៏បានធ្វើការចែករំលែកដល់បណ្តាញសារព័ត៌មានដើម្បីបានទទួលចំណេះដឹងដល់វិស័យ មីក្រូហិរញ្ញវត្ថុ នេះសំដៅធ្វើយ៉ាងណាចែករំលែកចំណេះដឹងនេះកាន់តែទូលំទូលាយ។
លោក ជំទាវ ឌិត នីតាបានថ្លែងឱ្យដឹងដែរថា”នាថ្មីៗមកនេះសមាគមបានចងក្រងពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ភ្នាក់ងារឥណទាន។ចំណុចមួយក្នុងក្រមសីលធម៌វិជ្ជាជីវៈនោះគឺការផ្តល់នូវចំណេះដឹងមូលដ្ឋានដល់អតិថិជនដើម្បីឱ្យ ពួកគាត់យល់ដឹងពីលក្ខខណ្ឌផ្សេងៗដូចជា កិច្ចសន្យា ការយល់ដឹងពីចំណុចសំខាន់ៗទៅលើឥណទានជាដើម”។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងថារបៀបវីរៈសំខាន់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា គឺបានផ្តល់ចំណេះដឹង ហើយពិសេសការផ្តល់ឥណទានដើម្បីធ្វើយ៉ាងណាមានប្រសិទ្ធភាពខ្ពស់ ។ យើងបានធ្វើស្ទើរគ្រប់វិស័យទាំងអស់ទាំង អាជីវកម្មខ្នាតតូច អាជីវកម្មខ្នាតធំ។ក្រៅពីនេះសមាគមក៏បានកិច្ចសហការជាមួយសាលារដ្ឋដើម្បីបង្កើនចំណេះដឹងបន្ថែមទៀតលើវិស័យ មីក្រូហិរញ្ញវត្ថុ ហើយ ចំណេះជំនាញនេះអាចផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់ពួកគាត់ក្នុងការប្រើប្រាស់ថវិកាបានប្រសិទ្ធភាពទៅថ្ងៃអនាគត។ ក្រៅពីនេះសមាគមក៏បានផ្សារភ្ជាប់ជាមួយសាលារៀនរដ្ឋដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់ផ្នែកគណិតវិទ្យាថ្នាក់ទី៧ ទី៨ និងថ្នាក់ទី៩ ជាមួយ ចំណេះមីក្រូហិរញ្ញវត្ថុហើយគាត់អាចផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃឬក្រុមគ្រួសាររបស់គាត់។
លោកបានថ្លែងថា”ការផ្សព្វផ្សាយ ការអប់រំលើចំណេះដឹងនឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយទទួលខុសត្រូវនេះគឺជារបៀបវីរៈកាន់តែសំខាន់ទៅៗមិនអាចមើលរំលងបានឡើយ”។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា(CBC)បានបញ្ជាក់ថា៖ការផ្តល់ចំណេះដឹង និងការផ្សព្វផ្សាយពីបញ្ហាមីក្រូហិរញ្ញវត្ថុក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ពលរដ្ឋដែលត្រូវយល់ដឹងពិសេសទៅលើកម្ចីឬការសងមកវិញទាន់ពេលវេលា ដែលបញ្ហានេះធ្វើឱ្យពួកគាត់មិនជួបបញ្ហាប្រឈម ឬក៏ត្រូវជួបផលលំបាកណាមួយក៏ព្រោះដោយសារតែកង្វះចំណេះដឹងមួយនេះ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ឈឹម ទីណា







