រដ្ឋបាលខេត្ត-ក្រុងកំពង់ចាម ចុះហត្ថលេខាលើអនុសារណៈយោគយល់ ជាមួយតំណាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើអនុសារណៈ រវាងរដ្ឋបាលខេត្ត-ក្រុងកំពង់ចាម ជាមួយតំណាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ស្ថិតនៅសាលាខេត្តកំពង់ចាម ។
អនុស្សរណៈនេះ មានគោលបំណងរៀបចំនីតិវិធីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) នូវលិខិត ឯកសារគតិយុត្តផ្សេងៗ ពីរដ្ឋបាលខេត្ត តាមរយៈ អង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ រវាងរដ្ឋបាលខេត្តកំពង់ចាម និងប្រៃសណីយ៍កម្ពុជា។
- វិសាលភាព និងការសហការ ៖ អនុស្សរណៈនៃការយោគយល់គ្នានេះ មានវិសាលភាពអនុវត្តចំពោះតែកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនប្រជាពលរដ្ឋដែលមកទទួលយកសេវាសាធារណៈពីអង្គភាពច្រកចេញចូលតែមួយដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកំពង់ចាម តែប៉ុណ្ណោះ ។
ដើម្បីឱ្យកិច្ចសហការផ្តល់សេវាប្រព្រឹត្តទៅដោយរលូន ភាគីនីមួយៗមានភារកិច្ចដូចខាងក្រោមនេះ ៖
ក. ប្រៃសណីយ៍កម្ពុជារៀបចំនីតិវិធីបែបបទ និងឯកសារពាក់ព័ន្ធជូនទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសម្រាប់ការផ្តល់សេវាប្រៃសណីយ៍ (សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនប្រជាពលរដ្ឋ។
-កំណត់កម្រៃសេវាប្រៃសណីយ៍ផ្ដល់ជូនទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។
-កំណត់ពេលវេលាចែកឱ្យបានច្បាស់លាស់ជូនអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងការផ្តល់ព័ត៌មានស្តីពីលទ្ធផលនៃការចែកជូនដល់អង្គភាពច្រកចេញចូលតែមួយ។
-បង្កើតក្រុមការងារប្រៃសណីយ៍កម្ពុជា និងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ៕
ដោយ ៖ លីពៅ




