ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជី​ក្នុងប្រ​ព័ន្ធ​សន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈ​កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង មានការ ចូលរួម ពីតំណាង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និង អង្គការ សង្គមស៊ីវិលពាក់ព័ន្ធ ប្រមាណជាង ១០០នាក់។

ផែនការប្រតិបត្ដិស្ដីពីយន្ដការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានរៀបចំដោយ អគ្គ​លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បី​បម្រើ​ជា​ឧបករណ៍គោនយោបាយមួយសម្រាប់ចូលរួម ជំរុញ ពង្រី​ក ការ គ្រប ដណ្ដប់កិច្ចគាំពារផ្នែកសន្ដិសុខសង្គម​ទៅដល់ កម្មករ​និយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួល​បាន​អត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម និង​អន្ដរាគមន៍ដទៃទៀ​តរបស់រាជរដ្ឋាភិបាល ប្រកបដោយ​សមធម៌ និង បរិយាបន្ន ក្នុងស្មារតី “មិនបោះពលរដ្ឋណា​ម្នាក់”​។

លោក ស្រេង សោភ័ណរស្មី ប្រធានក្រុមការងាររៀបចំ​ផែនការ ប្រតិបត្ដិ ស្ដីពីយន្ដការជំរុញ ការចុះបញ្ជី ក្នុងប្រព័ន្ធ​សន្ដិសុខសង្គម ឆ្នាំ២០២៤-២០២៦ លើកឡើងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាន​ទទួលការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ធ្វើការ សម្របសម្រួលជាមួយ នឹងភាគីពាក់ព័ន្ធ ប្រមូល​ធាតុចូលបន្ថែម ដើម្បីរៀបចំ ផែនការប្រតិបត្ដិនេះ ឱ្យមាន​សង្គតិភាព និងគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្ដ​បានប្រកប​ដោយប្រសិទ្ធភាព។

លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិ នៃក្រុម​ប្រឹក្សាជាតិគាំពារសង្គម បានសង្កត់ធ្ងន់ថា ផែនការ ប្រតិបត្ដិ​នេះ ជាកាតាលិករជំរុញ ឱ្យនិយោជក កម្មករ និយោជិត បុគ្គល​ស្វ័យនិយោជន៍ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួល បានអត្ថប្រយោជន៍ពីរបបសន្ដិ-សុខសង្គម និងអន្ដរាគមន៍​ដទៃ​ទៀត​របស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម។

វិធានការដែលបានកំណត់នៅក្នុងផែនការប្រតិបត្ដិនេះ នឹងអាចត្រូវបន្ដអនុវត្ដនៅឆ្នាំបន្ទាប់ ឬមានការកែសម្រួល បន្ថែម ផ្អែកតាមលទ្ធផលនៃការវាយតម្លៃជាក់ស្ដែង ឬតាម​ការចាំបាច់ ហើយវិធានការទាំងនេះ ក៏ ជួយសម្រួលដល់​ដំណើរ​ការនៃពង្រីករបបសន្ដិសុខសង្គម ដល់ក្រុមគោល​ដៅដទៃទៀត ស្របតាមយុទ្ធសាស្រ្ដជាតិស្ដីពីការ​អភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, ក្របខណ្ឌគោល​នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤ -២០៣៥, និង​ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៥ ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា ប្រធានគណៈកម្មា​ធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន វាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានរៀបចំផែនការប្រតិ បត្ដិ រហូតលេច​ចេញ​ជារូបរាងឡើង។ ឯកឧត្តរដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ជា​មូល​ដ្ឋាន គ្រឹះ រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញ​គ្នា​ទៅ​វិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យ​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា​ជាតិ​គាំពារសង្គម ពិនិត្យ តាមដាន និងវាយតម្លៃអំពី​វឌ្ឍន​ភាព​នៃការអនុវត្ដផែនការប្រតិបត្ដិ និងផ្ដល់ការគាំទ្រចាំបាច់​នានា និងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ផ្ដល់កិច្ចសហការ​​ខ្ពស់​ក្នុងការអនុវត្ដផែនការប្រតិបត្ដិ ឆ្ពោះទៅសម្រេចបាននូវ​គោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner