ការស្លាប់ជនចំណាកស្រុកនៅអាស៊ីកើនឡើងដល់កំណត់ត្រាក្នុងឆ្នាំ ២០២៤

ព្រុចសែល ៖ ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ និយាយថា ឆ្នាំ២០២៤ គឺជាឆ្នាំមានអ្នកស្លាប់ច្រើនបំផុតក្នុងកំណត់ត្រាជនចំណាកស្រុក ដោយមនុស្សជិត ៩.០០០ នាក់បានបាត់បង់ជីវិតតាមផ្លូវធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ ហើយម្នាក់ក្នុងចំណោម ១០ នាក់បានស្លាប់ដោយសារការបាញ់សម្លាប់។

យោងតាមគេហទំព័រ UN News បានឱ្យដឹងថា ឆ្នាំមុន មនុស្សយ៉ាងតិច ៨.៩៣៨ នាក់បានស្លាប់បាត់បង់ជីវិតតាមផ្លូវធ្វើចំណាកស្រុក ដោយអាស៊ីគឺជាផ្លូវដែលមានមនុស្សស្លាប់ច្រើនបំផុត តាមពីក្រោយដោយផ្លូវមេឌីទែរ៉ាណេ និងអាហ្វ្រិក ដែលរួមមានវាលខ្សាច់សាហារ៉ា។

អគ្គនាយករងនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) លោកស្រី Ugochi Daniels បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងករណីស្លាប់នៅទូទាំងតំបន់ជាច្រើនក្នុងពិភពលោក បង្ហាញពីមូលហេតុដែលយើងត្រូវការការឆ្លើយតបជាលក្ខណៈអន្តរជាតិ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតដោយសារការធ្វើចំណាកស្រុកបន្ថែមទៀត។

អង្គការ IOM បានបញ្ជាក់ថា យ៉ាងហោចណាស់ ១០% ក្នុងចំណោមការស្លាប់របស់ជនចំណាកស្រុកសរុប គឺបណ្តាលមកពីអំពើហិង្សា មានដូចជាការបាញ់សម្លាប់ ការចាក់ និងវាយដំធ្វើទារុណកម្មជាដើម។ ករណីជនចំណាកស្រុកលង់ទឹកស្លាប់ បន្ទាប់ពីបញ្ជូនត្រឡប់ទៅវិញដោយកងឆ្មាំសមុទ្រ មិនត្រូវបានបូកបញ្ចូលទៅក្នុងទិន្នន័យ ស្តីពីការស្លាប់ដោយហិង្សានោះទេ។

ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០២១មក ការស្លាប់ជនចំណាកស្រុកសរុបប្រចាំឆ្នាំដែលបានកត់ត្រាបានកើនឡើងជាលំដាប់។ ប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារអំពើហិង្សាច្រើនជាងគេ មានដូចជាអ៊ីរ៉ង់ មីយ៉ាន់ម៉ា បង់ក្លាដែស និងម៉ិកស៊ិក ប៉ុន្តែមិនបានបញ្ចេញអ្នកណាជាអ្នកទទួលខុសត្រូវទេ។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ គឺជាអង្គការមួយក្នុងចំនោមអង្គការដទៃទៀត ដែលជួយជនភៀសខ្លួន និងកំពុងរងគ្រោះពីការកាត់ផ្តាច់ជំនួយពីសហរដ្ឋអាមេរិក ដោយបង្ខំឱ្យខ្លួនត្រូវកាត់បន្ថយ ឬបិទកម្មវិធីនៅក្នុងចលនាដែលខ្លួននិយាយថា នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនចំណាកស្រុក៕

ប្រភព ៖ UN News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner