នាវាមុជទឹករុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីលនៅសមុទ្រជប៉ុន

មូស្គូ ៖ នាវាមុជទឹកនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានធ្វើសមយុទ្ធនៅសមុទ្រជប៉ុន ដោយបានបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅ ដាក់លើគោលដៅក្នុងសមុទ្រ និងឆ្នេរសមុទ្រ។

សារព័ត៌មាន TASS បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីថា ក្នុងកំលុងពេលធ្វើសមយុទ្ធនោះ នាវាមុជទឹកដំណើរការដោយម៉ាស៊ូត-អគ្គិសនី មានឈ្មោះថា Ufa នៃកងនាវាប៉ាស៊ីហ្វិករុស្ស៊ី បានបាញ់បង្ហោះមីស៊ីលបញ្ជាទិស Kalibr ទៅកាន់គោលដៅសមុទ្រ និងឆ្នេរសមុទ្រ ចេញពីដែនទឹកនៃសមុទ្រជប៉ុន។

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា គោលដៅសិប្បនិម្មិតត្រូវបានវាយប្រហារចំទាំងអស់ ក្នុងកំលុងពេលធ្វើសមយុទ្ធនេះ ហើយចម្ងាយបាញ់ស្ថិតនៅចម្ងាយជាង ១.០០០ គីឡូម៉ែត្រ។

បើតាមកាសែត TASS នាវាមុជទឹក Ufa មានប្រវែង ៧៤ម៉ែត្រ និងទម្ងន់អតិបរមាជាង ៣.៩០០ តោន ហើយអាចជ្រមុជទៅក្នុងទឹកបានជម្រៅ ២៤០ម៉ែត្រ និងជម្រៅអតិបរមា ៣០០ម៉ែត្រ។

នាវាមុជទឹក Ufa ដែលត្រូវចាត់ទុកថា ជានាវាមុជទឹកមានសំឡេងស្ងាត់បំផុតរបស់ពិភពលោក ត្រូវបានដាក់ឱ្យបម្រើការជាមួយកងទ័ពជើងទឹករុស្ស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner