លោកឧកញ៉ា ហង់ សុគន្ធ ជំរុញឱ្យសហភាពសហគមន៍​នៅ​ខេត្តសៀមរាប និងកំពង់ធំ រួមគ្នាជំរុញវិស័យកសិកម្មប្រកប​ដោយនិរន្តរភាព

(ខេត្តសៀមរាប)៖ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក សហភាពនេះ​បានអភិវឌ្ឍន៍ជាប្រព័ន្ធសហគមន៍ស្រូវ-អង្ករកម្ពុជាដែលមានគោលដៅ បង្កើតកិច្ចសន្យាផលិតកម្ម និងការផ្គត់ផ្គង់ស្រូវសរីរាង្គ ។

ការរួមគ្នាផលិត និងរកទីផ្សារជាសហគមន៍ ជាគន្លឹះដ៏សំខាន់​សម្រាប់ការរីកចម្រើនរបស់សហគមន៍កសិកម្ម។ រដ្ឋាភិបាល​ក៏បានបង្កើតគម្រោងកសិកម្មឃុំ-សង្កាត់ ដើម្បីជួយកសិករ កាត់បន្ថយថ្លៃដើម និងបង្កើនតម្លៃផលិតផល ។

នេះជាប្រសាសន៍លើកឡើងរបស់ លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃសហភាពសហគមន៍កសិកម្ម​កំពង់ធំ​តេជៈមានជ័យ ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅបន្ត របស់ សហភាពសហគមន៍កសិកម្ម​កំពង់ធំតេជៈមានជ័យ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ។

លោក ខោល ម៉ានី ប្រធានការិយាល័យសាវនកម្ម​សហគមន៍​កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើក​ឡើងថា មហាសន្និបាតនេះ ជាឱកាសដ៏មានតម្លៃ សម្រាប់​សហគមន៍កសិកម្ម ២៥ មកពីខេត្តសៀមរាប និងកំពង់ធំ ក្នុងការបង្ហាញលទ្ធផលការងារនៃឆ្នាំ២០២៤ និងលើក​ទិសដៅសម្រាប់ឆ្នាំ២០២៥។

ក្នុងរយៈពេលឆ្នាំ២០២៤ កន្លងមក សហគមន៍កសិកម្ម​កំពង់ធំតេជៈមានជ័យ បានសម្រេចបង្កើតគម្រោងអាជីវកម្ម ដូចជា ទិញ-លក់បន្លែសុវត្ថិភាព ផ្គត់ផ្គង់ធាតុចូលកសិកម្ម(ជី, ថ្នាំ, ពូជ, អង្ករ)និងផ្តល់ឥណទានកសិកម្ម។ សម្រាប់ឆ្នាំ​២០២៥ សហគមន៍មានគម្រោងបន្តអាជីវកម្ម និងស្វែងរក​ដៃគូថ្មី ដើម្បីពង្រឹងទីផ្សារកសិកម្ម។

លោកឧកញ៉ា ហង់ សុគន្ធ បានផ្តាំផ្ញើឱ្យសហភាពសហគមន៍ នៅខេត្តសៀមរាប និងកំពង់ធំ បន្តពង្រឹងស្មារតីសាមគ្គីភាព និងអភិវឌ្ឍន៍អាជីវកម្មដោយមានតម្លាភាព និងការចូលរួម​សកម្មពីសមាជិក ដើម្បីរួមគ្នាជំរុញវិស័យកសិកម្មប្រកប​ដោយ​និរន្តរភាព ៕

ដោយ ៖ ប៊ុនរដ្ឋា

ads banner