ឯកឧត្តម នួន ផារ័ត្ន ៖ យុវជនត្រូវចូលរួម ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ
(កំពង់ធំ)៖ យុវជនទាំងអស់ត្រូវរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ខ្មែរ ដើម្បីបន្តជាអ្នកស្នងវេននៃជាតិ ដោយក្លាយជាមហាអំណាចមួយនៃវប្បធម៌។ ប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ ដ៏ឈ្លាសវៃ ដែលបានបន្សល់ទុកដោយបុព្វបុរសជាច្រើនសតវត្សរ៍មកហើយ។ បច្ចុប្បន្ននេះ សិល្បៈ វប្បធម៌ និងបេតិកភ័ណ្ឌទាំងអរូបី និងរូបី ត្រូវបានរក្សាទុក និងអភិរក្ស ដើម្បីរក្សាអត្តសញ្ញាណជាតិ ។
ក្នុងនាមជាកូនខ្មែរ យុវជនគ្រប់រូបត្រូវសហការគ្នាការពារនិងអភិរក្សវប្បធម៌ ដោយមិនត្រឹមតែទុកចិត្តលើការអភិរក្សបេតិកភ័ណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសំខាន់ក្នុងការជំរុញការចូលរួមវិស័យសិល្បៈ និងវប្បធម៌ក្នុងកំណើនសេដ្ឋកិច្ច។
នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី ២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បន្តថា កិច្ចអភិរក្ស ការពារ និងអភិវឌ្ឍវប្បធម៌ជាការងារដែលត្រូវអនុវត្តជាបន្តបន្ទាប់ ដោយទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការសហការជាក្រុម ដើម្បីបន្តបង្កើតបរិយាកាសវប្បធម៌រីកចម្រើន សម្រាប់ជំនាន់ក្រោយៗ ៕




ដោយ ៖ ប៊ុនរដ្ឋា