បារាំងចោទលោក ពូទីន ចង់ធ្វើសង្គ្រាមជាងសន្តិភាព
ប៉ារីស ៖ មេដឹកនាំបារាំងបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា គាត់ចង់ធ្វើសង្គ្រាម ជាជាងស្វែងរកសន្តិភាព ហើយបានប្រកាសផ្តល់ថវិកាជាង ២.១ ពាន់លានដុល្លារ សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។
ថ្លែងក្នុងសន្និកាសែតជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់ថា ឥឡូវនេះ គឺជាដំណាក់កាលបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ស្របពេលដែលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឈានដល់ការស្វែងរកកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ។
លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែទទួលយកបទឈប់បាញ់ ៣០ ថ្ងៃដោយគ្មានលក្ខខណ្ឌ ហើយលោករំពឹងថា នឹងមានការប្តេជ្ញាចិត្តដូចគ្នា ទាំងអ៊ុយក្រែន និងរុស្ស៊ី។
ចំណែកលោក ហ្សេលេនស្គី បាននិយាយថា ឥឡូវនេះមិនមែនជាពេលដកសម្ពាធលើរុស្ស៊ី ឬធ្វើឱ្យការរួបរួមរបស់យើងចុះខ្សោយ ដើម្បីជាផលប្រយោជន៍ដល់សន្តិភាពនោះទេ។
បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ រុស្ស៊ីកំពុងព្យាយាមអូសបន្លាយសង្គ្រាមនេះ ទោះបីជាមានផែនការស្វែងរកសន្តិភាពរបស់អាមេរិកក៏ដោយ ហើយថា រុស្ស៊ីចង់ឱ្យសង្រ្គាមនេះបន្ត ដូច្នេះយើងត្រូវដាក់សម្ពាធលើរុស្ស៊ី ដើម្បីឱ្យសង្រ្គាមនេះអាចបិទបញ្ចប់យ៉ាងពិតប្រាកដ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា