កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយព័ត៌មាន ឆ្ពោះទៅកាន់ ទិវា​ពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំសន្និសីទ​សារ​ព័ត៌មាន ផ្សព្វផ្សាយពីទិវាពិភពលោកកាក​បាទ​ក្រហម​កម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមមូល​បទ «រួមគ្នាស្ម័គ្រចិត្ដ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការកាកបាទ​ក្រហមកម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមាន​អ្នកសារព័ត៌មានជាច្រើនរូបទៀតចូលរួម ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា បេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា បានដំណើរការទៅបានមកដល់បច្ចុប្បន្ននេះ គឺដោយសារតែការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាថវិកា និងស្បៀង សម្ភារៈជាដើម ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ ។ ដូច្នេះ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ សូមយកឱកាស ទិវា ៨ឧសភានេះ បន្ដកៀរគរមូលនិធិពីសប្បុរសជនជាតិ-អន្ដរជាតិ ដើម្បីបន្ដជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ។

លោកជំទាវ អគ្គលេខាធិការរងទី១ បានបន្តថា ទិវា​ពិភព​លោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការបង្កើត​ចលនា​អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងរំលឹក​ដល់ថ្ងៃកំណើតលោក ហង់រី ឌុយណង់ ស្ថាបនិករបស់​ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា និងផ្សព្វផ្សាយព័ត៌មាន​ទៅសប្បុរសជននានា ក្នុងន័យកៀរគររកជំនួយឧបត្ថម​គាំទ្រ ដល់សកម្មភាពស្ថាប័នមនុស្សធម៌ដ៏ធំមួយនេះ សម្រាប់​ទុកជួយ ទៅដល់ប្រជាពលរដ្ឋ ដែលងាយ​រងគ្រោះ​បំផុតនៅក្នុងប្រទេសកម្ពុជា ។

លោកជំទាវបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ជាការចូលរួម​ចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានសុខភាពល្អ ដោយទី​១​-លោកជំទាវបានអំពាវនាវ និងបំផុសបងប្អូនជនរួមជាតិ ឱ្យចូលរួមដោយស្ម័គ្រចិត្ត ជាកម្លាំងអនុវត្តប្រកបដោយ​ឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្រឡាញ់​ខ្លួនដោយស្ងួនចំណី ការរក្សាអាហារូបត្ថម្ភប្រចាំថ្ងៃ ការថែ​ទាំសុខភាពផ្លូវកាយ-ចិត្ត និងការរៀបចំឥរិយាបថរស់នៅ​ដោយ​​ការធ្វើកីឡា​ទៀងទាត់ ដើម្បីសុខភាពល្អរបស់ពល​រដ្ឋ​ម្នាក់ៗ គ្រួសារ និងសង្គមជាតិទាំងមូល ដែលត្រូវការចាំ​បាច់ណាស់ នូវធនធានមនុស្សមានសមត្ថភាព និងមាន​សុខ​ភាពល្អ ក្នុងការជួយជំរុញវឌ្ឍនភាពកម្ពុជា​ឱ្យក្លាយ​ជា​ប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

ទី២-រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹង​ប្រែង បង្កើនការយល់ដឹងរបស់ប្រជាជនគ្រប់វ័យ ជាពិ​សេស​យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លងនានា ដែលជាមូលហេតុចម្បង នៃការស្លាប់និងពិការភាពរបស់ប្រជាជនកម្ពុជា តាមរយៈ​ការអប់រំសុខភាពតាមសហគមន៍ តាមគ្រឹះស្ថាន សិក្សា និងតាមយន្តការផ្សព្វផ្សាយ ដើម្បីបញ្ជូនសារអប់រំ​សុខភាព​ដល់ប្រជាជននិងសាធារណៈជន ។

ទី៣-ទាញស្មារតីប្រុងប្រយ័ត្នរបស់បង-ប្អូនរួមជាតិ ជាពិ​សេស​ស្ត្រី ក្មេងស្រី កុមារយុវវ័យ មនុស្ស វ័យចាស់ ចំពោះ​ផល​វិបាក​នានាដែលបង្កឡើងដោយការប្រែប្រួលអាកាស​ធាតុ និងត្រូវនាំគ្នាប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះហានិ​ភ័យគ្រោះថ្នាក់ដល់អាយុជីវិត ដល់សុខភាព ដោយសារតែ​អាកាស​ធាតុ ប្រែប្រួល ដូចជាអាកាសធាតុក្តៅខ្លាំង ឬត្រ​ជាក់​ខុសពីធម្មតាជាដើម ។

ទី៤-អំពាវនាវចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួម​ឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា ដល់យុទ្ធនាការរកមូលនិធិរបស់ កាកបាទក្រហមកម្ពុជា ទាំងនៅថ្នាក់កណ្តាល ទាំងនៅតាម សាខារាជធានី-ខេត្ត ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ឧសភា ។ ក្នុងន័យនេះ គឺមានតែការចូលរួមជួយ​ឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន​គ្រប់មជ្ឈ​ដ្ឋាន ទើបកាកបាទក្រហមកម្ពុជា មានធនធានហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការមនុស្សធម៌ ឆ្លើយតបតម្រូវការ នៃភាព​ងាយរងគ្រោះបំផុត ដែលកើតមានឡើងកាន់តែញឹកញាប់​ជាងមុន និងក្នុងវិសាលភាពកាន់តែធំជាងមុន បានឆាប់​រហ័ស ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហម​កម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុក​នរណា​ម្នាក់ចោល» ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner