ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញអធិបតីក្នុងពិធី​សំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពិធីសំណេះសំណាលនេះ រៀបចំឡើង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយ​សមិទ្ធ​ផល​នានាដែលក្រសួងសម្រេចបាននាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាល​ឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនអំពី​បញ្ហាប្រឈមនានាដែលក្រសួងបានទទួលតាមរយៈការចុះសិក្សានិងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាទូរសព្ទនិងសេវាអ៊ីនធឺណិត។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពនិងប្រកួតប្រជែងដោយស្មោះត្រង់ ព្រមទាំងជម្រាបជូនឱ្យបានច្បាស់អំពីសេវាកម្មរបស់ខ្លួនដើម្បីជៀសវាងការភាន់ច្រឡំ ជាយថាហេតុ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិតលើកឡើងអំពីបញ្ហាប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាសម្រួលដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូន ព្រមទាំងធានាប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានសមស្របតាមតម្រូវការ។

សូមជម្រាបជូនថា កន្លងមកក្រុមការងារលើកម្ពស់គុណ​ភាព​​សេវាទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ ​និង​ទូរគម​នាគមន៍ បានចុះសិក្សានិងប្រមូលព័ត៌មានលម្អិតពាក់​ព័ន្ធ​នឹងគុណភាពសេវាទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវា​អ៊ីន​ធឺណិត) ក្នុងភូមិសាស្រ្តរាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាពសេវា​ទូរគមនា​គមន៍​ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង​បន្ថែមទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner