លោក ពូទីន ថា ដកទណ្ឌកម្មសិន ទើបអាចចាប់ផ្តើមបទឈប់បាញ់នៅដែនសមុទ្រ
មូស្គូ ៖ រដ្ឋបាលរបស់លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ទណ្ឌកម្មលោកខាងលិចមួយចំនួន ត្រូវតែដកចេញភ្លាមៗ មុនពេលទីក្រុងមូស្គូចាប់ផ្តើមបទឈប់បាញ់ដែនសមុទ្រជាមួយអ៊ុយក្រែន។
ប៉ុន្មានម៉ោងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រកាសថា រុស្ស៊ី និង អ៊ុយក្រែនបានយល់ព្រមបញ្ឈប់ការវាយប្រហារនៅសមុទ្រខ្មៅ នៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នានោះ ស្រាប់តែវិមានក្រឹមឡាំងបាននិយាយថា បទឈប់បាញ់នេះនឹងកើតឡើង នៅពេលដែលទណ្ឌកម្មលើធនាគាររុស្ស៊ីមួយចំនួនត្រូវបានដកចេញ។
ការទាមទាររបស់រុស្ស៊ី រួមមានការដកទណ្ឌកម្មលើធនាគារកសិកម្មរដ្ឋ Rosselkhozbank និងការស្ដារឡើងវិញនូវសិទ្ធិចូលដំណើរការរបស់ក្រុមហ៊ុនរុស្ស៊ីទៅកាន់ប្រព័ន្ធទូទាត់អន្តរជាតិ Swift ។
ការអះអាងបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីទីក្រុងមូស្គូបានបើកការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុងកំពង់ផែ Mykolaiv របស់អ៊ុយក្រែន ហើយលោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា ការវាយប្រហារនេះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីមិនចង់បានសន្តិភាពទេ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា