សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារមានផ្ទៃដីដាំដុះដំណាំរួមផ្សំ១០០ ហិកតា សម្រាប់ផ្គត់ផ្គង់ទីផ្សារ

(បន្ទាយមានជ័យ)៖ ក្នុងពិធីជួបសំណេះសំណាល ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមសហគមន៍កសិកម្ម​ប្រាសាទ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ បានប្រាប់​ឱ្យ​ដឹងថា ពួកគាត់បានផ្ទៃដីដាំដុះបន្លែចំនួន ១០០​ហិក​តាសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំ​ណាល​ជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បី​ជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែង​រក​ទីផ្សារ​កសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ទាក់ទិនក្នុងរឿងនេះលោក ជឿ រតនា ប្រធានសហគមន៍​កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដី​ដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំ​ឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះ ឈើរី ផ្កាខាត់​ណា​ខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀត​សម្រាប់ផ្គត់ផ្គង់ទីផ្សារ។

លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់​ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀប​ចំ​ផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត​ឱ្យប្រធានសហគមន៍ និងសមាជិក ពិភាក្សា និងប្រមូល​គ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍​កសិកម្ម​ទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការ​ជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ច​សន្យា​ផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផល​ប្រយោជន៍​រួមជាធំ និងចែកផលចំនេញតាមសមាមាត្រ​ផលិតកម្ម ហើយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner