កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

(ភ្នំពេញ)៖ តំណាងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Salimata D. Follea បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក»។

ការបញ្ជាក់បែបនេះធ្វើឡើង នៅក្នុងឱកាសជួបសំដែងការ គួសម និងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពី​ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង​បរិស្ថាន​។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាព យ៉ាងជ្រាល ជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ ឥណ ទាន កាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាព សហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទាន កាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយ ដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពី មូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។ ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាង សមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកា ដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។

ក្រសួងបរិស្ថានប្តេជ្ញាអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិ សេស «មុំនៃភាពបៃតង» ដោយបន្តពង្រឹងការអនុវត្ត គម្រោង រេដបូកក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ពង្រីកការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូនចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសតាមរយៈ ការអភិវឌ្ឍគោលដៅលំហែបៃតងដែលត្រូវបានគ្រប់គ្រងផ្ទាល់ ដោយប្រជាសហគមន៍សាម៉ី ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឲ្យបង្កើតរបៀងគោលដៅលំហែបៃតង ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីសហគមន៍មានជីវភាពល្អប្រសើ ហើយនឹងចូលរួមការពារនិងអភិរក្សធនធានធាម្មជាតិ កាន់តែប្រសើរថែមទៀត។

គួរបញ្ជាក់ថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner