គ.ជ.ប រៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹង​និស្សិតសាស្រ្តាចារ្យ សមាគម ស្តីពី សារៈសំខាន់នៃការ​បោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប)ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែង​បាឋកថាក្នុងពីធីអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការ​យល់ដឹងស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ដល់មន្រ្តីបោះឆ្នោត តំណាងសមាគម សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សានានា​ក្នុងរាជធានីភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅសាលាតិចណូ។

ថ្លែងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាជ្ញ ចន្ទបានឱ្យដឹងថាតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការពិនិត្យបញ្ជីឈ្មោះ ឈ្មោះបោះឆ្នោតប្រចាំ​ឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាម គោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានា​ឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។ បញ្ជីបោះឆ្នោត គឺជាតម្រូវការ​ចាំបាច់ ដែលមិនអាចខ្វះបានសម្រាប់ប្រើប្រាស់តាម​ការកំណត់នៃច្បាប់ សំខាន់គឺបម្រើឱ្យការ បោះឆ្នោត​ជាសកល។ ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្ត​ទុកដាក់អនុវត្តការងារពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះ​បោះឆ្នោតឱ្យបានល្អប្រសើរ ដើម្បីធានាសិទ្ធិបោះឆ្នោត​ជូនដល់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចមានចែងក្នុង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា និង ច្បាប់បោះឆ្នោតជាធរមាន។

ឯកឧត្តមបានមានប្រសាសន៍ថា”ការបោះឆ្នោតគឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតជាយន្ត ការ​សម្រាប់​ជ្រើសរើសថ្នាក់ដឹកនាំគ្រប់ថ្នាក់រដ្ឋបាលនៃសង្គម​ប្រជា​ធិបតេយ្យ ការ គ្រប់គ្រងប្រទេសតាមបែបប្រជាធិប​តេយ្យ ផ្តល់អំណាចជាធំដល់ប្រជាពលរដ្ឋនៅក្នុងការ សម្រេចចិត្តលើកិច្ចការធំៗរបស់ប្រទេសជាតិ តាមរយៈ​ការបោះឆ្នោតជ្រើសរើសតំណាង របស់ខ្លួន។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងដោយបញ្ជាក់ថាការពង្រឹង​បច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺជាការងារចាំបាច់ដែល គ.ជ.ប ត្រូវយក ចិត្តទុកដាក់អនុវត្តជាប្រចាំ ពិសេសការ​ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិ និងទិន្នន័យ ជីវមាត្រ ហើយការងារនេះទាមទារឱ្យមានកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធ ពិសេស បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានចុះឈ្មោះ បោះឆ្នោត​រួច​ហើយក្នុងឆ្នាំកន្លងទៅគិតចាប់តាំងពីឆ្នាំ២០១៦មក។

ឯកឧត្តមថ្លែងប្រាប់បន្ថែមថាពិតមែនតែឆ្នាំ២០២៥ នេះ ពុំមានការរៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជា​ឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ។ ការពិ​និត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្ត តាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការ​ពិ​និត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ សេ​ចក្តីសម្រេច ផែនការមេ និងប្រតិទិនដែលបាន​កំណត់​។

ប្រធានគ.ជ.បឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវ ដល់ប្រ​ជា​ពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត​ពី​មុន​មក ប្រជាពលរដ្ឋដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោ​តហើយ តែបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី និងយុវជន យុវនារី ពិសេសក្មួយៗ សិស្ស និស្សិត ដែលទើបដល់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺកើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំពេញ លក្ខខណ្ឌចុះឈ្មោះ​បោះឆ្នោតថ្មី។

គួរបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោតឆ្នាំ២០២៥ នេះ មានរយៈពេល តែ ២៦ថ្ងៃ តែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕

ដោយ ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner