អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលបដិសណ្ឋារកិច្ច គណៈ​ប្រតិ​ភូ​ខេត្តប៊ិញភឿក ប្រទេសវៀតណាម អញ្ជើញ​ជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន​អញ្ជើញ ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តបិញភឿក​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំ​ដោយ​លោកជំទាវ ត្រើន ទ្វេហៀន អនុលេខាគណៈ​កម្មា​ធិការបក្សខេត្ត និងជាប្រធាន គណៈកម្មាធិការប្រជា​ជន​ខេត្តបិញភឿក (អភិបាលខេត្ត) ដើម្បីចូលរួមជូនពរ និង​អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ នៅ សាកលាខេត្តកំពង់ចាម។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន​របស់​គណៈប្រតិភូខេត្តប៊ិញភឿក និងភ្ញៀវកិត្តិយសទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏មមាញឹក ផ្តល់កិត្តិយស អញ្ជើញចូលរួម ក្នុងពីធីជូនពរ និងអបអរសាទរ ពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស.២០២៥ នៅក្នុងខេត្តកំពង់ចាម នាពេលនេះ ប្រកបដោយ ភាតរភាព មិត្តភាព និងពោរ​ពេញដោយស្នាមញញឹម ដើម្បីត្រៀមទទួលយកអំណរ សាទរពរជ័យឆ្នាំថ្មី ដែលនឹងឈានចូលមកនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នាពេលដ៏ខ្លី​ខាងមុខនេះ។

ឯកឧត្តម អ៊ុន ចាន់ មានប្រសាសន៍បន្តថា នាពេលបច្ចុប្បន្ន​មិន​មានជាប់ព្រំប្រទល់ ជាមួយប្រទេសវៀតណាមក៏ដោយ ប៉ុន្តែក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមជំនាន់មុន ដែលដឹកនាំ ដោយសម្តេចទេពញ្ញាណ ហ៊ុន ណេង តែងតែមានទំនាក់ទំនងល្អជាមួយបងប្អូនប្រជាជនវៀតណាម ដូច្នេះ ក្នុងនាមឯកឧត្តម ជាថ្នាក់ដឹកនាំខេត្តជំនាន់​ក្រោយ គឺត្រូវតែបន្តរក្សានូវប្រពៃណីយ៍ ទំនាក់ទំនងល្អ ដែលនាំមក​នូវភាពរីកចម្រើនសម្រាប់ ជីវភាពនៃប្រជាជន​យើង​ទាំង២ផង ក៏ដូចជាខេត្តកំពង់ចាម និងខេត្តប៊ិញភឿក ផងដែរ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា រដ្ឋបាល​ខេត្ត​កំពង់ចាម​ នឹងបន្តពង្រឹងទំនាក់ទំនង កិច្ចសហ​ប្រ​តិ​បត្តិ​ការល្អ ជាមួយអាជ្ញាធរខេត្តបិញភឿក​នៃសាធារណៈរដ្ឋ​សង្គមនិយមវៀតណាម ក្នុងការការពារ សន្តិសុខ សណ្តាប់​ធ្នាប់ និងការអភិវឌ្ឍ ប្រកបដោយ មិត្តភាព សាមគ្គីភាព និងមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ឋិតថេរ គង់វង្ស​តរៀងទៅ ៕

ដោយ ៖ លី ពៅ

ads banner