បងប្រុសទី១ សម្ដេចតេជោ ហ៊ុន សែន ទទួលមរណភាព នៅព្រឹកថ្ងៃទី២៨មីនានេះ

ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា បងប្រុសទី១ របស់សម្ដេច ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង​សាធារណការ និងដឹកញ្ជូន បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់បងប្រុសទី១ សម្ដេចតេជោ ហ៊ុន សែន បានពោលទាំងក្រៀមក្រំថា សង្ខារមិនទៀងតែការស្លាប់​គឺទៀង បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើ​(ទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។

សម្ដេចតេជោពោលទាំងក្ដុកក្ដួលទៀតថា បើទោះបីខ្ញុំ​ជាប្អូន​តែខ្ញុំជាមេគ្រួសារមួយនេះ ខ្ញុំនិងភរិយារួម​ជាមួយ​កូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បី​ព្យាបាល​បងទីមួយ។ ពេលបងទី២ទទួលមរណភាព ពេលនោះ​យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។

សម្ដេចបន្តថា យើងព្យាយាមលាក់បាំងជាមួយគាត់​រហូត​គាត់​ដឹង​ដោយខ្លួនឯង ដែលគាត់យំផងនិយាយផងថា (ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។ ១២ឆ្នាំមុន​(២០១៣) ភរិយារបស់គាត់បានទទួលមរណភាព​ក្នុង​ពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់​គាត់​ទទួលមរណភាពព្រោះពេលនោះ​ឪពុករបស់ខ្ញុំក៏កំពុង​ឈឺធ្ងន់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បន្តឱ្យដឹងទាំងសោកសង្រេង​ទៀត​ថា លើកនេះពេលបងទី១ទទួលមរណភាព ភរិយា​របស់ខ្ញុំដែលជាប្អូនថ្លៃបានដឹងតែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។

សម្ដេចតេជោលើកឡើងថា បងប្រុសម្នាក់នេះបានលះបង់​ច្រើន​ណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការ​សិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើ​ស្រែចម្ការដើម្បីផ្តល់ឱកាស​ឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួល​បានការសិក្សានៅភ្នំពេ​ញ។ ឃ្លាក្ដុកក្ដួលចុង​ក្រោយ​នៃសំណេររបស់សម្ដេចតេជោ បញ្ជាក់ថា បំណងធំរបស់​បងទី១ គឺធ្វើថីផែនទីដែលពេល​នេះ​ហៅ​ថា​(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជា​ក្រឹត្យក្រម​ធម្មជាតិ ដែលមិនអាចចៀសវាងបាន។

បន្ទាប់ពីបានទទួលដឹងដំណឹងដ៏ក្រៀមក្រំនេះ បងប្អូន​ប្រជា​ពលរដ្ឋខ្មែរជាច្រើន បានខំមិនក្នុងបណ្ដាញសង្គម​របស់​សម្ដេច ដោយចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ​របស់​សម្ដេច ចំពោះការបាត់បង់បងប្រុសជាទីស្រឡាញ់​នៅ​ពេលនេះ។

សូមជម្រាបថា ជីវប្រវត្តិអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាម​កោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារ​កសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។

លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់ ៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់, កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។

ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោក​បានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពាមកោះស្នា និងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការនៅ ភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាមួយ​ឪពុកម្តាយ និងក្រុមគ្រួសារ។

ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លោក​ស្ថិត​នៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយ​មក ប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជ​សាសន៍​ប៉ុលពត​។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ លោក ព្រមទាំងក្រុម​គ្រួសារ បានរស់នៅ និងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥត​ជញ្ជាំង ៣ឆ្នាំ៨ខែ២០ថ្ងៃ របបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ 

ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ លោក ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន៖ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោក គឺជាយោធា​ប្រចាំ​ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ពីឆ្នាំ១៩៨០ ដល់ឆ្នាំ​១៩៨២ លោកត្រូវបានតែងតាំងជាប្រធានទទួល​ជំនួយ​ប្រចាំកំពង់ផែកំពង់សោម ក្នុងក្រសួងពាណិជ្ជកម្ម, ពីឆ្នាំ​១៩៨២ ដល់ឆ្នាំ២០០២ លោកជាអនុប្រធានក្រុមហ៊ុន​ដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍, ពីឆ្នាំ​២០០២ ដល់ឆ្នាំ២០១៩ លោកជាអគ្គនាយករង នៃភ្នាក់​ងារកម្ពុជានាវាចរ (កាំសាប), ពីឆ្នាំ២០១៩ ដល់ឆ្នាំ​២០២២ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួង​សាធារណការ និងដឹកជញ្ជូន ឋានៈស្មើរដ្ឋលេខាធិការ និងពីឆ្នាំ២០២២ ឯកឧត្តម ជារដ្ឋលេខាធិការនៃក្រសួង​សាធារណការ និងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។

ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿង​ឥស្ស​រិយយស ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់​បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួម​ចំណែកកសាងជាតិ បំពេញការងារសង្គម ការងារ​មនុស្ស​ធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និង​អាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នក​ឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ក្រោមការ​ដឹកនាំ របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ។

សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះ បានធ្វើឱ្យ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner