ហ៊ូធីបាញ់មីស៊ីលទៅលើអ៊ីស្រាអែលនិងនាវាចម្បាំងអាមេរិក

បរទេស៖ ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយប្រហារអាកាសយានដ្ឋាន និង ទីតាំងកងទ័ពរបស់អ៊ីស្រាអែល ក៏ដូចជា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក ភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីល បាញ់ចេញពីប្រទេសយេម៉ែន។

អ្នកនាំពាក្យយោធា របស់ពួកហ៊ូធី លោក Yahya Saree បាននិយាយថា ក្រុមរបស់ខ្លួនបានកំណត់គោលដៅ លើអាកាសយានដ្ឋាន Ben Gurion… ជាមួយនឹងមីស៊ីលផ្លោង…និង គោលដៅយោធា ភាគខាងត្បូងរដ្ឋធានី Tel Aviv របស់អ៊ីស្រាអែល។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ពីរគ្រាប់ ដែលបានបាញ់ចេញពីប្រទេសយេម៉ែន មុនពេលឆ្លងកាត់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល បន្ទាប់ពីបានវាយប្រហារតាមអាកាស នៅទូទាំងតំបន់ជាច្រើន រួមទាំង ក្រុង យេរូសាឡឹម ផងដែរ។

លោក Saree បាននិយាយថា ក្រុមឧទ្ទាមក៏បានកំណត់គោលដៅលើនាវាចម្បាំងអរិភាព នៅក្នុងសមុទ្រក្រហម រួមទាំង នាវាផ្ទុកយន្តហោះអាមេរិក USS Harry S Truman ផងដែរ ដោយគេបាននិយាយថា «ជាការសងសឹកចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិក ដែលកំពុងបន្តប្រឆាំងនឹងប្រទេសរបស់យើង»។

សហរដ្ឋអាមេរិកបានចាប់ផ្តើមនូវអ្វីដែលទីបញ្ជាការកណ្តាលរបស់ខ្លួនហៅថា “ប្រតិបត្តិការទ្រង់ទ្រាយធំ” ដែលពាក់ព័ន្ធនឹងការវាយប្រហារ តាមអាកាស ប្រឆាំងនឹងពួក Huthis តាំងពីថ្ងៃទី១៥ ខែមីនា។ ក្រុង វ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងប្រើប្រាស់កម្លាំង ដ៏លើសលប់ រហូតដល់ពួកគេ បញ្ឈប់ការបាញ់ប្រហារ លើនាវា នៅក្នុងផ្លូវដឹកជញ្ជូនសំខាន់ៗ នៃសមុទ្រក្រហម និង ឈូងសមុទ្រ Aden ពោលគឺបន្ទាប់ពីពួកឧទ្ទាមបានគំរាមថា នឹងបន្តការវាយប្រហារ ជុំវិញសង្រ្គាមហ្គាហ្សា។

ចាប់តាំងពីពេលនោះមក ពួក Huthis បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ជារៀងរាល់ថ្ងៃ លើតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner