ឯកឧត្តមបណ្ឌិត ថោង ខុន៖ NOCC បានដើរតួនាទីយ៉ាង​សំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្លែងបើកមហាសន្និបាតបូកសរុបលទ្ធផល​ការងារ​​​ឆ្នាំចាស់ និងលើកទិសដៅឆ្នាំ២០២៥ នារសៀល​ថ្ងៃទី២៧ ខែ មីនា ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ​មន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរំលេចថា NOCC បានដើរ​តួនាទីយ៉ាង​សំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបីគឺ NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធ​កីឡាជាតិ។

ឯកឧត្តម ប្រធាន NOCC បានគូសបញ្ជាក់ទៀតថា ដើម្បី​ជំរុញ​យន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបាន​ជោគ​ជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុងសុខដុមរមនាការងាររបស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យ​ក្នុងការ​អភិវឌ្ឍ​​សក្តា​នុពលភាពវិស័យកីឡាជាតិ ។

ឯកឧត្តម បានអះអាងទៀតថា មហាសន្និបាតនេះ ក្រៅពី​កា​រ​រំលេចឡើងនូវសមិទ្ធផលដ៏វិសេសវិសាលក្នុង​ឆ្នាំ​២០​២​៤ ក៏ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោង​ទង់កីឡា​ជាតិ​ឲ្យលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត។ ដោយ​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ និង ការប្រកួត​កីឡា​យុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេស​បារ៉ែន ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះ​ការប្រកួតកីឡា​យុវជនអាស៊ី លើកទី៤ និងការប្រកួតកីឡាយុវជន​អាស៊ី​ប៉ារ៉ា​ហ្គេម លើកទី៦ ឆ្នាំ២០២៩ ដែលនឹងក្លាយជាកាលា​នុវត្ត​ភាពថ្មីមួយទៀតក្នុងការផ្សព្វផ្សាយ​កម្ពុជាទៅ​កាន់​ចល​នាអូឡាំពិក និងចលនាប៉ារ៉ាឡាំពិកពិភពលោក។

ដូច្នេះ​តាម​រយៈ​ការកំណត់ចក្ខុវិស័យ និងគោលដៅការងារកីឡា​​​ច្បាស់លាស់ខាងលើ ឯកឧត្ដមបានចាត់ទុកគឺជាការ​ជំរុញ​ល្បឿននៃការបំពេញភារកិច្ច កាតព្វកិច្ចក្នុងការកសាង​គុណ​ភាព និងប្រសិទ្ធភាពគុណផលកីឡា​ឲ្យមាន​សង្គតិ​ភាព​នៅនឹងនិន្នាការ រីកចម្រើននៃវិទ្យាសាស្ត្រកីឡា និង​បច្ចេកទេសកីឡា ពិសេសក្នុងនិន្នាការសកល នៃប្រើ​ប្រា​ស់​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត “AI” ក្នុងវិស័យកីឡា និង​ចលនាអូឡាំពិកអន្តរជាតិ ស្របតាមបដិវត្តន៍ឧស្សា​ហ​កម្មទី៤ ។

ឆ្លៀតឱកាសនេះដែរ ក្នុងនាមចលនាអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ និង​ថ្លែង​អំណរគុណ ដល់ប្រព័ន្ធការងារកីឡាដែលបាន​ប្រទាក់​ក្រឡាគ្នា ធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ ដោយ​តម្កល់ឧត្តមគតិកីឡាជាតិ និងប្រទេសជាតិជាធំរបស់​សសរ​ស្តម្ភទាំងបី ធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាទាំង​កម្រិតជាតិ និងអន្តរជាតិ ទទួលបានជោគជ័យដ៏ត្រចះ​ត្រចង់ ក្រោមម្លប់សន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទើបយើងអាចមានឱកាស​បង្កើតព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្របានជោគជ័យជាបន្តបន្ទាប់ស្របទៅនឹងបាវចនា “កីឡារស់ក្នុងសន្តិភាព៕

អត្ថបទ ៖ ជាវ ចន្ធូ
រូបភាព ៖ ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner