ក្រសួងមុខងារ និងក្រសួងអប់រំ ពិភាក្សាគ្នាអំពីការផ្ទេរមន្ត្រី ដោយត្រូវថ្លឹងថ្លែងជាមូលដ្ឋានលើស្ថានភាពរបស់គ្រូ អត្ថ​ប្រ​យោជន៍របស់សិស្ស និងបរិបទនៃការ​​​​​​​​​​​​​​​​​​កែ​ទម្រង់រដ្ឋបាល​សាធារណៈ

(ភ្នំពេញ)៖ ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាង​ហ្មត់​ចត់ តាមអនុសាសន៍​ និងការណែនាំរបស់សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះ​ស្រាយ​ក​រណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រី​រាជការស៊ីវិលដែលជាគ្រូបង្រៀន។

កិច្ចប្រជុំកាលពីរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញ​ចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រម​ទាំង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូ​ក្រសួង​អប់រំ យុវជន និងកីឡាជាច្រើនរូបទៀត។

កិច្ចប្រជុំបច្ចេកទេសនារសៀលនេះ បានគិតគូរ ថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយទាំងអស់ រួមបញ្ចូលទាំងការគិតគូរពី​ស្ថានភាពរបស់លោកគ្រូ អ្នកគ្រូ ដែលមានបំណងផ្ទេរ កន្លែងបំពេញការងារ ក៏ដូចជាការគិតគូរថ្លឹងថ្លែងទៅ​ដល់ប្រយោជន៍របស់សិស្សានុសិស្ស ដែលកំពុងសិក្សា​នៅតាមតំបន់នានាទូទាំងប្រទេស ដែលមានតម្រូវការ​ចាំបាច់នូវក្នុងការទទួលបានការអប់រំ។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ថ្នាក់ដឹកនាំ និងមន្ត្រី​រាជ​ការ​នៃក្រសួងទាំង២ បានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណាព្យាយាមរកដំណោះ​ស្រាយ​ដែលសមស្របជូនទៅដល់លោកគ្រូ អ្នកគ្រូផង ក៏ដូច​ជា​សិស្សានុសិស្សផង ព្រមទាំងប្រយោជន៍ដែលជាគោលដៅ​រួមនៃតម្រូវការរបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែ​ទម្រង់​រដ្ឋបាលសាធារណៈផង។

កិច្ចប្រជុំទទួលបានមតិយោបល់ និងធាតុចូលជាច្រើន ដើម្បីរៀបចំគោរពជារបាយការណ៍ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេចធ្វើយ៉ាងណាសម្រួលដល់ការដោះស្រាយស្ថានភាពនានារបស់លោកគ្រូ អ្នកគ្រូ និងដោះស្រាយស្ថានភាព​ដូច​ដែលបានរៀបរាប់ខាងលើ និងស្របទៅតាមទស្សនៈ​វិស័យ ក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងមន្ត្រី និងការរៀបចំប្រព័ន្ធ​រដ្ឋបាលសាធារណៈឱ្យកាន់តែល្អប្រសើរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner