ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ផ្ដល់បាឋកថា ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
(ភ្នំពេញ)៖ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមប្រយុទ្ធទប់ស្កាត់ ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើបាឋកថា ស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រមាណជិត ៤០០នាក់ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការងារឆ្លើយតបនឹងមេរោគអេដស៍ ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិបាល និងតួអង្គពាក់ព័ន្ធជាច្រើនទៀត ។ ដោយសារមានការពាក់ព័ន្ធពីតួអង្គជាច្រើន ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ ទើបអង្គការយូអិនអេដស៍ បានដាក់ចេញនូវគោលការណ៍បី គឺយុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។
ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យ ហើយនៅរៀងរាល់ ៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំយុទ្ធសាស្ត្រគោលនយោបាយ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ប៉ុន្តែកាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញ នូវយុទ្ធសាស្ត្រគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា បទពិសោធន៍ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្នុងពេលកន្លងមក ឱ្យឃើញថា គោលការណ៍រួមបី គឺភាពជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ បានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ ឱ្យទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា បើការអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ មានការចូលរួម និងគាំទ្រយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហការគ្នាបានល្អ នោះចំណុចខ្វះខាត ដែលកំពុងកើតមានទាំងប៉ុន្មាន នឹងត្រូវបានកែលម្អជាមិនខាន ហើយការឆ្លើយតប ចំពោះមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នឹងទទួលជោគជ័យជាមិនខាន ៕
ដោយ វណ្ណលុក





