ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកនគរូប​នីយ​កម្មថាជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់​រាន​មាន​ជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំ​ដែន​ដី និងរៀបចំសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ

(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេក ទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និង នគរូបនីយកម្ម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀ​បចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុក​នគរូបនីយ​កម្មថាជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់​រាន​មាន​ជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំដែនដី​និងរៀបចំសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ ហើយនេះជា​ពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួង លើការ​កំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លងនេះ​ក្នុង​ការធ្វើកិច្ចការនគរូបនីយកម្ម ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង “គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្មនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថាគម្រោងនេះ ជាគម្រោងមួយដ៏មានសារៈសំខាន់និងសមស្របតាមពេលវេលារបស់យើង ហើយឆ្លើយតបទៅនឹងអ្វីដែលជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះគម្រោងនេះជាឱកាសសាកល្បងយក ក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលការងារនេះជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន, នាយកដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម បានបន្ថែមថា ចំពោះការរៀបចំទីក្រុងក៏​ត្រូវ​ការធនធានមនុស្សដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នានិងមានការឯកភាពគ្នានោះទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និងអភិវឌ្ឍន៍តាមសក្តា​នុពល​នៃតំបន់និមួយៗដើម្បីរក្សានិរន្តរភាពរបស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។

ឯកឧត្តម សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់​ដឹកនាំ​ក្រសួងត្រូវសម្លឹងឱ្យបានវែងឆ្ងាយលើការងារ​នគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេប៉ុន្តែជាការធ្វើយ៉ាងណាគិតគូរបង្កើតគំនិតកែច្នៃទាញយកប្រយោជន៍ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបាន មានន័យថាធ្វើឱ្យប្រ​ជាពលរដ្ឋមានជីវភាពធូរធារ មានប្រាក់ចំណូល ,សេដ្ឋកិច្ច​ទីក្រុងមានភាពរឹងមាំនិងលូតលាស់ផងដែរ ។

សូមជម្រាបថា ៖ គម្រោងនេះបានផ្តល់ការគាំទ្របច្ចេក​ទេស​លើកិច្ចការ ២សំខាន់ គឺការកសាងផែនការ និង​សមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយ​ផ្តើម​ចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំ​កម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះគំនិតអោយ​ប្រជា​ជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់​អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner