សង្គ្រាមពន្ធលោក Trump ទាញទម្លាក់ផលិតកម្មឡានជប៉ុនជាង ៤%
តូក្យូ ៖ វិទ្យាស្ថានស្រាវជ្រាវជប៉ុនព្យាករណ៍ថា សង្គ្រាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យផលិតកម្មឡានរបស់ប្រទេសជប៉ុនដាំក្បាលចុះ ៤.៣ ភាគរយជារៀងរាល់ឆ្នាំ ដោយសារការលក់ធ្លាក់ចុះនៅសហរដ្ឋអាមេរិក ហើយផលិតកម្មឧស្សាហកម្មនេះទាំងមូលក៏នឹងអាចធ្លាក់ចុះ ០.៦ ភាគរយផងដែរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធបន្ថែម ២៥ ភាគរយលើរថយន្ត ហើយលោកបានណែនាំមន្ត្រីពាក់ព័ន្ធឱ្យចរចាជាមួយអាមេរិក ដើម្បីស្វែងរកការលើកលែងពន្ធ។
លោក Ishiba និយាយថា ជប៉ុននឹងពិចារណាលើការឆ្លើយតបដ៏សមស្របមួយ ប្រឆាំងនឹងការយកពន្ធរបស់អាមេរិកលើរថយន្ត ដោយប្តេជ្ញាថាជម្រើសទាំងអស់គឺនៅលើតុ។
នៅឆ្នាំ ២០២៤ ការនាំចេញរថយន្តរបស់ជប៉ុនទៅកាន់ទីផ្សារអាមេរិកមានចំនួនសរុបប្រហែល ៤០ ពាន់លានដុល្លារ ដែលស្មើនឹង ២៨.៣ ភាគរយនៃការនាំចេញសរុបរបស់ជប៉ុនទៅកាន់អាមេរិក។
យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា រថយន្តប្រមាណ ១.៣៧ លានគ្រឿងត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា