ទិសដៅការងារ ឆ្នាំ២០២៥ របស់ NOCC ផ្តោតសំខាន់លើគោលដៅ ៣សំខាន់ៗ ស៊ីហ្គេមនៅថៃ បច្ចេកវិទ្យាAI និងកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩
(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកយកព័ត៌មានកីឡា ក្រោយបិទបញ្ចប់ មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៧ នៅអាគារគណៈកម្មាធិការជាតិអូឡាំកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរំលេងឱ្យដឹងថា មហាសន្និបាតបានដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២៥នេះ គឺមានគោលដៅ៣ធំៗដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវមានទំនួលខុសត្រូវដើម្បីសម្រេចបានផ្លែផ្កាជូនជាតិ។
ផែនការទិសដៅ៣ធំៗនេះរួមមាន ទី១ .ការដាក់ចេញនូវការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ នាអំឡុងខែ ធ្នូខាងមុខនេះ ។ ផែនការនេះបើទោះបីយើងប៉ាន់ប្រមាណថា មេដាយ និងសមិទ្ធផលយើងមិនអាចរក្សាបានដូចពេលយើងធ្វើជាម្ចាស់ផ្ទះនោះទេ។ព្រោះប្រភេទកីឡាមួយចំនួនម្ចាស់ផ្ទះថៃគេមិនបានដាក់ទេ ហើយ ការប្រកួតគឺនៅប្រទេសគេ មិនដូចជានៅក្នុងប្រទេសយើងឡើយ។តែទោះជាយ៉ាងនេះក្តី អង្គមហាសន្និបាតបានជំរុញឱ្យសហព័ន្ធកីឡាជាតិបន្តខិតខំប្រឹងប្រែងរៀបចំខ្លួនឱ្យបានរួចរាល់នៅក្នុងការចូលរួម ហើយធ្វើយ៉ាងណាកុំឱ្យបាត់នូវគុណផលកីឡារបស់ខ្លួន សម្រុកធ្វើយ៉ាងណាឱ្យមានសាមគ្គីភាពគ្នាក្នុងការរៀបចំកីឡាករកីឡាការិនី រៀបចំផែនការហ្វឹកហាត់ និងរៀបចំផែនការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅថៃនេះឱ្យបានល្អប្រសើរ។
ទី២. គឺអង្គមហាសន្និបាតបានជំរុញឱ្យសហព័ន្ធកីឡាជាតិទាំងអស់ចេះប្រើប្រាស់នូវកម្មវិធីបញ្ញាសិប្បនិម្មិត (AI)ធ្វើយ៉ាងមិចដើរឱ្យទាន់នៃការវិវឌ្ឍនៃបច្ចេកវិទ្យានេះ មានទាំងផែនការហ្វឹកហាត់ ការដាក់ពិន្ទុ និងការវាយតម្លៃ ឬវិនិច្ឆ័យ ដែលអាចជួយសម្រួលក្នុងការធ្វើការរបស់គ្រូបង្វឹក និងរបស់កីឡាករកីឡាការិនី។
ទី៣.អង្គមហាសន្និបាត បានជំរុញឱ្យសហព័ន្ធកីឡាជាតិ និងភាគីពាក់ត្រៀមខ្លួនជានិច្ចសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិកយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩ ដើម្បីដាក់ចេញនូវផែនការមេឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៥នេះ ត្រៀមដាក់ឆ្លងថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលរៀបចំ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៥ មានការចូលរួមពីភាគីពាក់ព័ន្ធដូចជាក្រសួងអប់រំយុវជននិងកីឡា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ទីប្រឹក្សាពាក់ព័ន្ធសហព័ន្ធកីឡាជាតិចំនួន៥៦៕






រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ