នាយករដ្ឋមន្ត្រីកាណាដាថា ទំនាក់ទំនងចាស់វស្សាជាមួយអាមេរិកចប់អស់ហើយ

អូតាវ៉ា ៖ មេដឹកនាំកាណាដានិយាយថា ទំនាក់ទំនងចាស់វស្សារវាងកាណាដា និងអាមេរិក ផ្អែកលើការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រួមទាំងយោធាត្រូវបានបញ្ចប់ហើយ ដោយសារតែសង្គ្រាមពន្ធ។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រាប់អ្នកកាសែតនៅទីក្រុង អូតាវ៉ា ថា ប្រជាជនកាណាដាគួរគិតគូរពីសេដ្ឋកិច្ចជាមូលដ្ឋានឡើងវិញ ចំពេលប្រឈមមុខនឹងសង្គ្រាមពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ លោក Carney បានព្រមានធ្ងន់ៗថា កាណាដានឹងឆ្លើយតបជាមួយការដំឡើងពន្ធសងសឹក ដែលនឹងផ្តល់ផលប៉ះពាល់ជាអតិបរមាលើសេដ្ឋកិច្ចអាមេរិក។

លើសពីនេះ លោក Carney បានហៅកិច្ចព្រមព្រៀងផលិតកម្មយានយន្តរបស់កាណាដា-សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៦៥ ជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតក្នុងជីវិតរបស់គាត់ ប៉ុន្តែលោកបានអះអាងថា វាត្រូវបានបញ្ចប់ហើយ ដោយសារតែសង្គ្រាមពន្ធ។

ប្រតិកម្មរបស់មេដឹកនាំកាណាដានេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងដំឡើងពន្ធ ២៥ ភាគរយ លើរថយន្តនាំចូលសហរដ្ឋអាមេរិកទាំងអស់ ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដោយរំពឹងថា នឹងបង្កើនចំណូលពន្ធបាន ១០០ ពាន់លានដុល្លារជាប្រចាំឆ្នាំ។

លោក Trump ក៏បានព្រមាននៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសហភាពអឺរ៉ុបរួមដៃគ្នាជាមួយកាណាដា ដើម្បីបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ការដំឡើងពន្ធកាន់តែច្រើន ដែលមានទំហំធំជាងការគ្រោងទុកនាពេលបច្ចុប្បន្ន នឹងត្រូវធ្លាក់លើប្រទេសទាំងពីរ។

កន្លងមក សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥% រួចហើយ ទៅលើទំនិញកាណាដា រួមជាមួយនឹងពន្ធ ២៥% លើអាលុយមីញ៉ូម និងដែកថែប។ ចំណែកកាណាដាបានដាក់ពន្ធសងសឹកអាមេរិកវិញមានតម្លៃប្រហែល ៤២ ពាន់លានដុល្លារ លើទំនិញរបស់អាមេរិក៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner