ប្រទេសចំនួន ៦ ចូលរួមប្រជែងការប្រកួតបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតជើងឯកកីឡា បាល់ បោះជនពិការអាស៊ីលើកទី១។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាមោទនភាពសម្រាប់ជាតិ ជាពិសេស សហព័ន្ធកីឡាបាល់បោះពិភពលោកដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដែលមានសមាសភាពចូលរួមពីកីឡាករ កីឡាការិនី ជនពិការ និងមន្ត្រីបច្ចេកទេសសរុបទាំងអស់ចំនួន ១២២នាក់ មកពីបណ្តាប្រទេសចំនួន៦ ក្នុងតំបន់ រួមមាន៖ ឥណ្ឌា នេប៉ាល់ ស្រីលង្កា ម៉ាឡេស៊ី ថៃ និងកម្ពុជា។
ឯកឧត្តម បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានចូលរួមក្នុងការប្រកួតនេះឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួន និងជាពិសេសដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ ដោយទោះបីជាបងប្អូនមានពិការភាពក្តី ក៏ប៉ុន្តែស្មារតីកីឡានៅតែបង្ហាញឆន្ទៈដ៏មោះមុត និងភាពជាគំរូដ៏ល្អសម្រាប់ជនពិការដទៃទៀតនៅទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ និងសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យចូលរួមទស្សនាកម្សាន្ត និងគាំទ្រដល់កីឡាបាល់បោះជនពិការតាមគ្រប់មធ្យោបាយ និងនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ជាពិសេសសូមអញ្ជើញមកទស្សនានិងគាំទ្រកម្ពុជាឱ្យបានច្រើនកុះករ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនូវចលនាកីឡាជនមានពិការភាព ដែលជាកត្តាមួយជំរុញ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសនិងប្រទេស រវាងបងប្អូនជនពិការនិងជនពិការ និងរវាងប្រជាជននិងប្រជាជន ព្រមទាំងសូមលើកទឹកចិត្តដល់អាជ្ញាកណ្តាល គណៈកម្មការគ្រប់ផ្នែក កីឡាករ និងកីឡាការិនីទាំងអស់ ត្រូវប្រកាន់ខ្ជាប់វិន័យ គោរពឱ្យបានហ្មត់ចត់នូវច្បាប់ បទបញ្ជាក្រមសីលធម៌ និងលក្ខន្តិកៈនៃការប្រកួត ដោយធ្វើយ៉ាងណាឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយភាពយុត្តិធម៌ តម្លាភាព និងការពេញចិត្តពីគ្រប់ភាគីនៅក្នុងអំឡុងពេល និងក្រោយពេលនៃការប្រកួតទាំងអស់។
ការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសចំនួន៦ ចូលរួមប្រកួតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅទីលាននៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ការប្រកួតនេះមាន២វិញ្ញាសាគឺ វិញ្ញាសាបាល់បោះជនពិការបុរស និងវិញ្ញាសាបាល់បោះជនពិការនារី។ សម្រាប់វិញ្ញាសាបាល់បោះជនពិការបុរស មាន៤ប្រទេសគឺ ក្រុមបុរសម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី ស្រីលង្កា និងឥណ្ឌា ខណៈវិញ្ញាសាបាល់បោះជនពិការនារី មាន៤ប្រទេសគឺ ក្រុមនារីម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌា និងនេប៉ាល់។ កម្ពុជា និងឥណ្ឌាបានដាក់កីឡាករ កីឡាការិនីជនពិការរបស់ខ្លួនចូលរួមប្រកួតទាំងពីរវិញ្ញាសា៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ