សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្ត វៀត ណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធាន​ស្នង​ការនយោបាយ យោធភូមិភាគទី២ បានដឹកនាំប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតកងទ័ព​ស្ម័គ្រ​ចិត្ត​រណសិរ្ស៤៧៩ តំបន់ហាណូយ ហៅកាត់ថា​សមគម​រណសិរ្ស​៤៧៩ បានជំរាបជូន សម្តេចកិត្តិសង្គ​ហបណ្ឌិត ម៉ែន សំអន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា៖ ឯកឧត្តម​ផ្ទាល់ និងប្រតិភូអមដំណើរ​ទាំងអស់ មានសេចក្តី​រំភើប​ឥតគណនា​បន្ទាប់ពីបានមក​ដល់​​​ប្រ​ទេស​​កម្ពុជា និង​បានឃើញការរីកចំរើន មិនអាច​នឹកមិនស្មានដល់ បើ​ប្រៀប​​ធៀប​​ទៅនឹង​អតីត​កាល។

​ការលើកឡើងរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ឡេ មិញ​គឿក នាពេលនេះ ធ្វើឡើង​គ្រា​ដែល​ប្រតិភូនេះ បានមក​បំទស្ស​ន​កិច្ចនៅកម្ពុជា ហើយត្រូវបាន សម្តេចកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យចូលជួប​សម្ដែង​ការគួរសម នៅវិមាន៧មករា ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះ​ដំណើរ​​ទស្សនកិច្ចរបស់​ប្រតិភូ​​នាពេលនេះ ស្របពេល​ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំ​ណើរ​​ការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេស​ទាំង​ពីរ ដែលមានជា​ប្រវត្តិ​សាស្ត្រ​ជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិត​ខាងល្អ ធ្លាប់បានតស៊ូប្រ​ឆាំង​សត្រូវរួម និងបានសហការ​ជួយគ្នាទៅវិញទៅមក ទាំង​សន្តិ​​សុខ ទាំងការពង្រីកសក្តា​នុ​ពល​​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្រប​ខណ្ឌឯកជន ​ពិសេសយើងចាំមិនភ្លេចទេ ដែលកង​ទ័ព​ប្រ​ជា​ជន​វៀតណាមបានស្ម័គ្រចិត្តជួយរំដោះ​ប្រ​ជា​​ជនកម្ពុជា ឲ្យ​រួចាកផុតពីរបបកម្ពុជា​ប្រជាធិបតេយ្យ​ប្រ​ល័យ​ពូជសាសន៍ប៉ុលពត ។

​ឯកឧត្តមឧត្តមសេនីយ៍ទោឡេមិញគឿក បានថ្លែងអំណរ​គុណ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែល​បាន​អនុញ្ញាតឲ្យប្រតិភូចូលជួបសំដែងការគួរសម ព្រមទាំង​បានបង្ហាញ​ពីវឌ្ឍនភាព​​របស់​កម្ពុជានា​ពេល​បច្ចុប្បន្ន ដែលអាចវាយតំលៃបាន ថា៖ កម្ពុជាពិតជា ​ព្រះរា​ជា​ណា​ចក្រ​អច្ឆិរយៈ ដែលខុសគ្នាដាច់​ស្រឡះ​កាល​ពី​៤៦ឆ្នាំ​កន្លងទៅ ព្រោះពីមុនជា​ទី​វាល​​ពិ​ឃាត និង​ហេដ្ឋា​រចនា​សម្ព័ន្ធនានា​​​ស្ថិត​នៅ​ក្នុង​ចំណុចសូន្យ ឥឡូវបានក្លាយ​ជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជន​សម្បូរ​ធូរធារ និងបាន​ក្លាយ​ជាប្រ​ទេស​ជាតិមួយ​ស្មើ​មុខ​ស្មើមាត់​ជាមួយ​បណ្តា​ប្រទេសអភិវឌ្ឍន៍ផងដែរ ។

​ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូន​ប្រតិ​ភូ​ទាំងអស់ប្រកបដោយការនឹករលឹក និងសូម​ឲ្យ​កង​ទ័ព និងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យ​កាន់​រឹងមាំ​ថែមទៀត ក្នុងន័យបម្រើឲ្យ​ផល​​ប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេស​ក្នុង​តំបន់ និងនៅលើពិភព​លោក ហើយក៏សុំឲ្យដំណើទេសចរណ៍​ទៅកាន់តំបន់​ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា របស់ប្រតិភូ ទទួលបានជោគជ័យ ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner