សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុស ក្រោយអញ្ជើញដល់កម្ពុជាភ្លាម
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកដល់កម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ស្នាក់នៅព្យាបាល និងតាមដានស្ថានភាពជំងឺមួយរយៈខ្លីនៅប្រទេសសិង្ហបុរី។ អញ្ជើញដល់កម្ពុជាភ្លាម បើទោះបីរូបកាយ កំពុងជាប់ដោយជំងឺយ៉ាងណាក្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ព្រោះតែជំងឺបានធ្វើឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានដង្ហើមចុងក្រោយរបស់បងប្រុសជាទីគោរពស្រឡាញ់នោះឡើយ។ នៅមុខមឈូសសពបងប្រុស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីវិប្បយោគក្តុកក្តួល អួលណែនឱរាយ៉ាងជ្រាលជ្រៅបំផុត ។ ទឹកភ្នែកច្រើនដំណក់ ហូរស្រក់ឥតដាច់ ព្រោះក្តីស្រណោះ ដល់មនោសញ្ចេតនា អនុស្សាវរីយ៍ល្អៗ អនុស្សាវរីយ៍ក្នុងគ្រាកម្សត់ នៃជីវិត ពេលប្រទេសមានវិបត្តិជាដើម ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ ៕
ដោយ ៖ វណ្ណលុក


