អតីតនិស្សិតកម្ពុជា សិក្សានៅប្រទេសវៀតណាម ជាមូលធនមនុស្សដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម គឺជាបណ្តុំនៃធនធានមនុស្សដ៏សម្បូរបែប ដែលប្រមូលផ្តុំរាល់ធនធានដែលទទួលបានការបណ្តុះបណ្តាល ប្រកបដោយគុណភាពពីប្រទេសវៀតណាម គ្រប់ជំនាញ គ្រប់វិស័យ និងមកពីគ្រប់ស្ថាប័ន នៅទូទាំងប្រទេស ទាំងវិស័យឯកជននិងរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ អតីតនិស្សិតម្ពុជាសិក្សានៅប្រទេសវៀតណាមគឺជាប្រភពធនធានមនុស្សដ៏សម្បូរបែប និងជាចលករដ៏សំខាន់បំផុតដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគរបស់ប្រទេសវៀតណាមកបណ្តាក់ទុននៅកម្ពុជា។

តាមរយៈសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម លើកទី១ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សមាគមបានបន្តដាក់ចេញទិសដៅការងារឆ្នាំ២០២៥ ដើម្បីបន្តអភិវឌ្ឍន៍សមាគមឱ្យកាន់ តែមានភាពរឹងមាំបន្ថែមទៀត ឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាបទប្បញ្ញត្តិ និងច្បាប់ដែលប្រទេសកម្ពុជាមានធរមាន សំដៅកសាងធនធានបញ្ញាញាណរបស់ប្រទេសជាតិ ប្រកបដោយគុណភាព និងមោទនភាពជាតិ។

សមាគមបានលើកទឹកចិត្តឱ្យ អតីតនិស្សិតសិក្សានៅប្រទេសវៀតណាម បន្តចូលរួមជាមួយសមាគមឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាពខ្ពស់ សំដៅជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលអតីតនិស្សិតជួបប្រទះ ដើម្បីកសាងបានមហាគ្រួសារអតីតនិស្សិតសិក្សានៅប្រទេសវៀតណាមួយ ពោរពេញទៅដោយមូលធនមនុស្ស ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

បើតាម លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានឱ្យដឹងថាបច្ចុប្បន្ននេះ សមាជិកនៃសមាគមមានចំនួន ៨០០នាក់ ចាប់តាំងពីបង្កើតសមាគមឡើងរយៈពេលមួយឆ្នាំ។ លោក អ៊ុច លាង បានបញ្ជាក់ដែរថា តាមរយៈសមាគមនេះគឺជាស្ពានភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជានិងប្រជាជនវៀតណាម និងវិស័យផ្សេងៗដូចជា អប់រំ ទេសរណ៍ សេដ្ឋកិច្ច សុខាភិបាល ជាដើម។

ឯកឧត្តមបណ្ឌិត ផាត កុសល ទីប្រឹកក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី បានគូសបញ្ជាក់ ការជួបជុំអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាមនាពេលនេះ គឺជាការបង្ហាញភាពស្និតស្នាល និងការយល់គ្នា រវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារវាងអតីតនិស្សិត និងអ្នកជំនួញ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ដែលតែងតែមានទំនាក់ទំនងល្អជាប់ជាប្រចាំ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា
