ឯកឧត្តម យី វាសនា ៖ ការរៀបចំមានរបៀប លំដាប់លំដោយ ហើយគំរូរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវបន្តទៅប្រទេសផ្សេងៗទៀត

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការធិការ គណៈកម្មាធិការអូឡាំពិកកម្ពុជា នៅក្នុងបទសម្ភាសន៍ក្រោយបញ្ចប់ការប្រកួតកីឡាកីឡាបាល់បោះជនពិការអាស៊ី លើកទី១ (1st ASIAN PARA Throwball Championship) ឆ្នាំ២០២៥ ដែលបានបិទបញ្ចប់ដោយជោគជ័យកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅទីលានមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនថា លោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក និងប្រតិភូ កីឡាករ កីឡាការិនីមកពីប្រទេសទាំងអស់ ក្នុងព្រឹត្តិការណ៍នេះបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់បោះជនពិការអាស៊ី លើកទី១ (1st ASIAN PARA Throwball Championship) ឆ្នាំ២០២៥ នៅកម្ពុជាដោយរលូន និងជោគជ័យ។ នេះជាភាពអស្ចារ្យមួយរបស់ម្ចាស់ផ្ទះ កម្ពុជា ហើយពួកគាត់បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅជូនចំពោះរាជារដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ក្នុងការជំរុញឱ្យព្រឹត្តិការណ៍ជាលើកដំបូងមួយនេះទទួលបានដោយជោគជ័យ។

ឯកឧត្តម យី វាសនា បន្ថែមថា ការរៀបចំមានរបៀប លំដាប់លំដោយ ហើយគំរូរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជានឹងត្រូវបន្តទៅប្រទេសផ្សេងៗទៀត ដែលប្រទេសផ្សេងៗនឹងយកគំរូតាម។ ឯកឧត្តម យី វាសនា គូសបញ្ជាក់ថា លោកស្រី Nimala Rawit បានវាយតម្លៃខ្ពស់ថាកម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី ហើយជាប្រវត្តិសាស្ត្រដែលកម្ពុជារៀបចំឡើងជាលើកទី១ បើទោះជាមានការលំបាក ប៉ុន្តែយើងបានខិតខំប្រែងអស់ពីលទ្ធភាព។ ដូច្នេះកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកស្ម័គ្រចិត្ត។ ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកក៏បានកោតសរសើរចំពោះការហ្វឹកហាត់របស់អត្តពលិកម្ពុជា ដែលហ្វឹកហាត់ត្រឹមរយៈពេល២ខែ ប៉ុន្តែកម្ពុជាដណ្តើមបានមេដាយមាសទាំង២វិញ្ញាសាតែម្តង។

ប្រតិភូអត្តពលិកជាតិ និងអន្តរជាតិចំនួន ៦ប្រទេស សរុប១២២នាក់ បានស្នាក់នៅហូបចុកជុំគ្នានៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ទាំងអស់គ្នាតែម្តង។ ចំពោះផ្នែកគ្រប់គ្រងការដឹកនាំបច្ចេកទេសរបស់មន្ត្រីត្រូវបានឯកឧត្តមអគ្គលេខាធិការអះអាងថា ជាធម្មតា នៅក្នុងពិភពលោកតែងតែមានកំហុសមួយចំនួនជៀសមិនផុត ដែលមានការតវ៉ា ប៉ុន្តែឈានដល់ការប្រកួតថ្ងៃទីពីរ មិនមានការតវ៉ានោះទេ ដោយគោរពគ្នាទៅវិញទៅមក និងតាមលក្ខខណ្ឌបច្ចេកទេសស្តង់ដាពិភពលោកតែម្តង។

តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះជនពិការអាស៊ីនេះ គឺជាគុណតម្លៃមួយដែលគេយល់ថា កម្ពុជាក្លាយជាគំរូ ហើយយកទៅសិក្សាបន្តទៀត ហើយនៅអនាគតគេនឹងយកសៀវភៅគោលការណ៍សម្រាប់ប្រភេទកីឡាបាល់បោះជនពិការនេះ។ ជាមួយនឹងពិធីបិទជាផ្លូវការនេះ ម្ចាស់ផ្ទះកម្ពុជាបានធ្វើពិធីផ្ទេរទង់ទៅប្រទេសម៉ាឡេស៊ី សម្រាប់ការធ្វើម្ចាស់ផ្ទះបន្តជាលើកទី២ នាឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម យី វាសនា បានសង្កត់ធ្ងន់ទៀតថា ជាគោលដៅ គឺកម្ពុជានឹងត្រៀមខ្លួនចេញទៅប្រកួត នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីការពារដំណែងម្ចាស់មេដាយមាសទាំង២វិញ្ញាសាក្រុមបុរស និងនារី ជាមួយនឹងក្តីសង្ឃឹមខ្ពស់ថា កម្ពុជានឹងអាចការពារមេដាយមាសបាន នៅឆ្នាំ២០២៦បាន ដោយសារតែការប្រកួតរបស់កម្ពុជាមានពិន្ទុលើក្រុមជម្រើសជាតិផ្សេងៗទៀតដាច់ឆ្ងាយ ខណៈសិតខ្លះកម្ពុជាឈ្នះក្នុងពិន្ទុ២៥ ទល់ ០៥

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ ជាលទ្ធផលបច្ចេកទេស គឺម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយមាសទាំង២វិញ្ញាសា ដោយវិញ្ញាសាផ្នែកបុរសក្រុម ចំណាត់ថ្នាក់លេខ១ មេដាយមាស កម្ពុជា លេខ២ ស្រីលង្កា និងលេខ៣ ឥណ្ឌា ខណៈវិញ្ញាសាក្រុមផ្នែកនារី ចំណាត់ថ្នាក់លេខ១ មេដាយមាស ក្រុមកម្ពុជា លេខ២ ថៃ និងលេខ៣ ឥណ្ឌា៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner