មីយ៉ាន់ម៉ាដេកក្នុងតង់ទាំងភ័យខ្លាចរញ្ជួយដី
បរទេស ៖ ប្រជាជនមីយ៉ាន់ម៉ា ដែលបាននាំគ្នាគេងសម្រាកក្នុងតង់ នៅខាងក្រៅផ្ទះ នាពេលយប់ឡើង នៅតែមានការភ័យខ្លាចថា រញ្ជួយដីអាចនឹងកើតមាន បន្តបន្ទាប់ទៀត។
មនុស្សម្នារាប់រយនាក់ដែលគ្មានផ្ទះសម្បែង ហើយត្រូវគេងនៅក្នុងជំរុំតង់បណ្តោះអាសន្ន នាពេលយប់ បានបង្ហាញពីអារម្មណ៍ភ័យខ្លាច ពីការរញ្ជួយដី ក្រោយពេលកើតមានគ្រោះរញ្ជួយដី កម្រិត ៧.៧ រិចទ័រ កាលពីថ្ងៃសុក្រ។
របបយោធា ដែលកំពុងកាន់អំណាច បាននិយាយ កាលពីថ្ងៃច័ន្ទថា ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដីដ៏ធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២,០៥៦នាក់ហើយ មនុស្សជាង៣,៩០០នាក់ បានរងរបួស ប៉ុន្តែ ចំនួនអ្នកស្លាប់ ត្រូវបានគេព្រួយបារម្ភថា នឹងកើនឡើងយ៉ាងខ្លាំង ថែមទៀត ខណៈដែលមនុស្សជិត៣០០នាក់ទៀត បាត់ខ្លួននៅឡើយ។
ប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង៥០លាននាក់ មួយនេះ កំពុងជួបបញ្ហាសង្គ្រាមស៊ីវិល៤ឆ្នាំមកនេះផង ត្រូវមកជួបការរញ្ជួយដីដ៏ប្រល័យ នាពេលនេះទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



