រញ្ជួយដី៖ អ្នករុករកបញ្ជូលទឹកតាមបំពង់ផ្លាស្ទិចឲ្យបុរសម្នាក់បឺត៨ម៉ោង សង្គ្រោះដោយជោគជ័យ
បរទេស៖ ក្រុមអ្នកជួយសង្គ្រោះក្រោយការរញ្ជួយដី នៅមីយ៉ាន់ម៉ា បានប្រើប្រាស់បច្ចេកទេស ផ្តល់ទឹកផឹក ដល់បុរសម្នាក់ជាប់គាំងក្នុងអគារ តាមរយៈការបង្ហូរចូលបំពង់ផ្លាស្ទិច រយៈពេល៨ម៉ោង មុនពេលដែលបុរសរូបនេះ ត្រូវបានទាញចេញ ពីបេតុងចាក់ស្រេះ ដោយសុវត្ថិភាព រួចផុតពីសេចក្តីស្លាប់។
ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ កាលពីថ្ងៃចន្ទថា ក្រុមសង្គ្រោះប្រទេសសិង្ហបុរី ហៅកាត់ SCDF ដែលបានទៅជួយដល់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ បានរៀបរាប់ថា ក្នុងពេលប្រើប្រាស់ឧបករណ៍រាវរកមនុស្ស និងសត្វឆ្កែពីរក្បាល ដើម្បីកំណត់ទីតាំងអ្នកនៅរស់រានមានជីវិត ក៏រកឃើញតម្រុយបុរសម្នាក់ ជាប់ខាងក្នុងគំនរអគារលំនៅដ្ឋាន កម្ពស់៣ជាន់។ ក្រុមការងារបានរក្សាទំនាក់ទំនង ជាមួយបុរសនោះ ហើយទឹកត្រូវបានផ្តល់ ទៅឱ្យបុរសនោះ តាមរយៈបំពង់ផ្លាស្ទិច ដែលបញ្ចូលតាមរន្ធនៃបន្ទះបេតុង អស់៨ម៉ោង។ បន្ទាប់មក ពួកគេបានប្រើប្រាស់ឧបករណ៍កាត់និងបំបែក ដើម្បីទម្លុះបន្ទះនោះ ហើយ នៅទីបំផុត ត្រូវបានគេជួយសង្គ្រោះ។ ជនរងគ្រោះត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ក្នុងស្រុក ហើយសុខភាពវិញ ត្រូវបានវាយតម្លៃថា មានស្ថិរភាពល្អ។
ប្រភពបានឲ្យដឹងថា ក្រុមការងារ SCDF ដែលមានគ្នា ៨០នាក់ បានធ្វើការជាមួយក្រុមអ្នកជួយសង្គ្រោះក្នុងស្រុក របស់ប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងរចនាសម្ព័ន្ធបាក់រលំ តាមរយៈផ្លូវតូចចង្អៀត ដើម្បីជួយសង្គ្រោះបុរស ដែលជាប់នៅក្រោមបន្ទះបេតុង រូបនេះ។
គួររម្លឹកថា ការរញ្ជួយដី ដែលបានវាយប្រហារ នៅជិតទីក្រុង Mandalay ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានបង្កឲ្យមានការ ដួលរលំអគារ ស្ពាន និងផ្លូវថ្នល់នានា ជាមួយនឹងការបំផ្លិចបំផ្លាញដ៏ធំ នៅក្នុងទីក្រុងដែលមានប្រជាជន ជាង១.៧ លាននាក់ មួយនេះ។ សាកសពមនុស្ស ជាង១,៧០០នាក់ត្រូវបានរកឃើញ គិតត្រឹមរសៀលថ្ងៃទី៣១ ខែមីនា៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
