ជប៉ុនកំពុងភ័យ ពីការរញ្ជួយដីដ៏ធំស្លាប់អាចដល់ ៣០ម៉ឺននាក់
បរទេស ៖ របាយការណ៍របស់រដ្ឋាបាលជប៉ុន កាលពីថ្ងៃចន្ទ បានបង្ហាញថា អាចនឹងមានការរញ្ជួយដីដ៏ធំ សម្លាប់មនុស្ស រហូតដល់៣០ម៉ឺននាក់ និង បង្កការខូចខាត អស់១,៨ពាន់ពាន់លានដុល្លារ នៅក្នុងប្រទេស។
ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយថា នៅក្នុងព្រឹត្តិការណ៍នៃគ្រោះរញ្ជួយដីកម្រិតមេហ្គា ដែលត្រូវបានបារម្ភទុកជាយូរមកហើយ អាចកើតមាន នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក បង្កឱ្យមានរលកយក្សស៊ូណាមិ ការដួលរលំអគាររាប់រយកន្លែង ថែមទៀតផង។
របាយការណ៍បង្ហាញថា ការខូចខាតសេដ្ឋកិច្ចវិញ គឺស្មើនឹងជិតពាក់កណ្តាល នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសនេះ ហើយ ការប៉ាន់ស្មានចុងក្រោយនេះ គឺកើនឡើងយ៉ាងខ្លាំង ពីការប៉ាន់ប្រមាណពីមុន ទៅទៀត ពោលគឺក្រោយកើតមានការរញ្ជួយដីដ៏ប្រល័យ នៅមីយ៉ាន់ម៉ា។
ក្រោមសេណារីយ៉ូករណី ដ៏អាក្រក់បំផុត ដោយផ្អែកលើការរញ្ជួយដី កម្រិត ៩រ៉ិចទ័រ នាពេលខាងមុខនេះ ប្រទេសជប៉ុនទំនងជានឹងឃើញ មានអ្នកជម្លៀស រហូតដល់ ១លាន២៣ម៉ឺននាក់។
កាលពីឆ្នាំមុន ប្រទេសជប៉ុនបានចេញសេចក្តីណែនាំអំពីការរញ្ជួយដីកម្រិតមេហ្គា លើកដំបូងរបស់ខ្លួនថា ពោលគឺបន្ទាប់ពីកើតមានគ្រោះរញ្ជួយដី កម្រិត៧.១រ៉ិចទ័រ នាពេលនោះ។ ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះរញ្ជួយដីបំផុត របស់ពិភពលោក ហើយរដ្ឋាភិបាលមើលឃើញថា ប្រហែល៨០ភាគរយ នៃឱកាសនៃការរញ្ជួយដី ចន្លោះពីកម្រិត ៨ ទៅ ៩ រ៉ិចទ័រ នៅតាមតំបន់បាតសមុទ្រដ៏ខ្លាំងក្លា ដែលគេស្គាល់ថា ជារណ្តៅ Nankai Trough ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
