ឯកឧត្តម សុខ លូ ជំរុញស្នងការ កាយរីទ្ធិខេត្តបាត់ដំបង ឲ្យយកចិត្តទុកដាក់ពង្រីក សមាជិកកាយរីទ្ធិ នៅតាម មន្ទីរ អង្គភាព ក្នុងខេត្ត
(បាត់ដំបង)៖ ស្នងការកាយរីទ្ធិខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការពង្រីក សមាជិកកាយរីទ្ធិ នៅតាមក្រុង-ស្រុក បណ្តាស្ថាប័ន មន្ទីរ អង្គភាព នៅជុំវិញខេត្តឲ្យបានសមស្របថែមទៀត។ ព្រោះថា មកដល់ពេលនេះសមាជិកនិងថ្នាក់ដឹកនាំកាយរីទ្ធនៅតាម ស្រុក ក្រុង និងមន្ទីរ ជុំវិញខេត្ត ដូចជានៅមិនទាន់មានកាយរីទ្ធិឲ្យឆ្លើយតបនិងសមស្របនៅឡើយនោះទេ ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកាយរឹទ្ធិខេត្តបាត់ដំបង ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងថ្នាក់ដឹកនាំកាយរឹទ្ធិស្រុកបវេលសរុប ៤០០នាក់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំឡើង នៅសាលាបឋមសិក្សា ហ៊ុន សែន – ខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ។
លោក ម៉ៅ សុបុណ្ណា អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងជាស្នងការរងកាយរីទ្ធិខេត្ត បានថ្លែងថា ៖ បច្ចុប្បន្ននេះ សមាជិកកាយរឹទ្ធិនៅតាមបណ្តាកងឯកភាពគ្រឹះស្ថានសិក្សាបឋមសិក្សា រហូតដល់មធ្យមសិក្សាទូទាំងខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងនិងធ្វើសកម្មភាពជាច្រើនទាំងក្នុងសាលានិងក្រៅសាលា រួមមានការងារបោះជំរុំ និង ទស្សនកិច្ចសិក្សា,ការងារអប់រំបណ្ដុះបណ្ដាល,ការងារអនាម័យ បរិស្ថាន,ការងារសង្គម និងសប្បុរសធម៌ ស្របតាមទិសស្លោក “កាយរឹទ្ធិត្រូវធ្វើអំពើល្អ ឱ្យបានមួយយ៉ាងតិចក្នុងមួយថ្ងៃ”។
លោកបានបន្តថា៖ កាយរឹទ្ធិ បានចូលរួមយ៉ាងសកម្ម ក្នុងការងារអប់រំ និង ការអភិវឌ្ឍកុមារ និងយុវជន តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ និងការអប់រំបែបកាយរឹទ្ធិកម្ម ដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹង ដល់កម្មវិធីសិក្សាក្រៅម៉ោងបន្ថែម និងឈានដល់ការសម្រេចបាន នូវ សូចនាករសំខាន់ៗ លើការប្រឡងប្រណាំងនានា រួមមាន ៖ អង្គភាពផ្តល់សេវាសាធារណៈគំរូ ស្តង់ដាសាលារៀនគំរូ នាយកល្អ សាលារៀនស្អាត គ្រូបង្រៀនល្អ។
លោក ម៉ៅ សុបុណ្ណា ថ្លែងបន្តទៀតថា កាយរឹទ្ធិជាតិកម្ពុជា បានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា, គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារ និងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ និងឲ្យឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។
ឯកឧត្តម សុខ លូ បានណែនាំឱ្យរៀបចំបញ្ចូលថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅតាមមន្ទីរ អង្គភាពរដ្ឋបាលក្រុង ស្រុក ជាថ្នាក់ដឹកនាំ និងជាសមាជិកកាយរឹទ្ធិឱ្យបានកាន់តែច្រើនឡើងថែមទៀត ។ ហើយបានផ្តាំផ្ញើដល់ក្មួយៗកាយរីទ្ធីដែលបានបំពាក់កន្សែង ត្រូវមានសាមគ្គីភាពគ្នា ត្រូវចេះស្រឡាញ់គ្នា និងត្រូវខិតខំរៀនសូត្រឲ្យកាន់តែប្រសើរឡើងថែមទៀត ។
ចលនាកាយរឹទ្ធិជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ១៩៣៤។ ប៉ុន្តែដោយសារតែកត្តា ប្រែប្រួលនយោបាយ និង អស្ថេរភាពសង្គម កាយរឹទ្ធិជាតិកម្ពុជាពុំមានដំណើរការនោះទេ។ នៅក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា ។ ចលនាកាយរឹទ្ធិ នៅកម្ពុជា ត្រូវបានបង្កើតឡើងវិញ តាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ និងត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។ បច្ចុប្បន្ននេះ កាយរឹទ្ធិជាតិកម្ពុជា មានសមាជិកចំនួន ១៨០ ០០០ នាក់៕
( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.)








