មុខមាត់ថ្មី នៃខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ សមិទ្ធផលធំៗជាច្រើនត្រូវបានកសាងឡើង បន្ទាប់ពីការចូលកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងរបស់ ឯកឧត្តម សរ សុពុត្រា ប្រមាណ៩ខែកន្លងមកនេះ។ នោះគឺកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត សោភណភាពក្រុងជាដើម។
សមិទ្ធផលថ្មីសន្លាងមួយទៀតដែលកំពុងស្ថាបនាគឺ “វេទិកានាគជ័យ និងទីលានតេជោសន្តិភាព” ខណៈបច្ចុប្បន្នការដ្ឋាននេះ សម្រេចបានប្រមាណ ៩៥ភាគរយ និងការដោះស្រាយបញ្ចប់វិបត្តិដីធ្លី ៣កន្លែង ដែលស្ថិតនៅចំកណ្តាលបេះដូងខេត្តស្ទឹងត្រែង (ផ្ទៃដីស្ទើរមួយចំហៀង នៃព្រះរាជដំណាក់ស្តេច ,ផ្ទៃដីស្រះឈូក នៅទល់មុខសណ្ឋាគារអង្គរមាស ,ផ្ទៃដីស្ថានីយប្រេងឥន្ទនៈ នៅផ្នែកខាងមុខសាលាខេត្តស្ទឹងត្រែង) លើការកាន់កាប់របស់បុគ្គលឯកជន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដីទាំងនោះត្រូវបានយកមកដាក់ជាសម្បត្តិរដ្ឋ សម្រាប់ការអភិវឌ្ឍសាធារណៈ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ឱ្យដឹងកាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ថា ក្រោយការដោះស្រាយបញ្ចប់ក្រោមគោលការណ៍ “ឈ្នះ-ឈ្នះ” ខេត្តស្ទឹងត្រែងនឹងកាន់តែស្អាត និងមានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរថែមទៀត។
ដំណោះស្រាយឈ្នះ-ឈ្នះ គឺដីមួយផ្នែកនៃព្រះរាជដំណាក់ស្តេច និងដីស្រះឈូក នៅទល់មុខសណ្ឋាគារអង្គរមាស ត្រូវបានចុះបញ្ជីដីធ្លីចេញប្លង់រឹងតម្កល់ទុកជាសម្បត្តិរដ្ឋ។ដោយឡែកផ្ទៃដីស្ថានីយប្រេងឥន្ទនៈ ខណៈបច្ចុប្បន្ន ក៏កំពុងពន្លឿនលើការចុះបញ្ជីដីធ្លី និងរុះរើស្ថានីយប្រេងនោះចេញដើម្បីប្រែក្លាយទីតាំងនោះ ឱ្យក្លាយជាសួនច្បារដ៏ប្រណិត សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តស្ទឹងត្រែង៕
ដោយ៖ឡុង សំបូរ






