ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ត្រូវបាន “IOC”អញ្ជើញឱ្យចូលរួម​ក្នុងកិច្ចប្រជុំកំពូល កីឡាដើម្បីពិភពលោក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវបានប្រធានគណៈកម្មាធិការអូឡាំ​ពិកអន្តរជាតិ “IOC” អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ​កំពូល Olympism365 ក្រោមមូលបទ “កីឡាដើម្បីពិភព​លោកកាន់តែស្រស់បំព្រង – Sport for a Better World” ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី០៣ ដល់ ០៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងទីក្រុង Lausanne ប្រទេសស្វីស ដែល​រៀបចំ​ឡើងដោយ IOC។

កិច្ចប្រជុំកំពូល Olympism365 នេះ គឺជាការប្រមូលផ្តុំ​ជា​សកល​នៃបណ្តាញដៃគូសហការពីចលនាអូឡាំពិក អង្គការ​សហប្រជាជាតិ ស្ថាប័នអភិវឌ្ឍន៍ និងហិរញ្ញវត្ថុ សង្គម​ស៊ីវិល និងសហគមន៍កីឡាសុវត្ថិភាព ដោយធ្វើការរួម​គ្នាជាមួយ IOC ដើម្បីពង្រឹងតួនាទីកីឡាជាកម្លាំងចលករដ៏សំខាន់​នៃ​ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងស្របតាមសន្ទុះ និងការប្តេជ្ញា​ចិត្ត​នៃកិច្ចប្រជុំកំពូលកីឡាសម្រាប់ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព “Sport for Sustainable Development Summit” ដែលផ្តួចផ្តើមរួមគ្នាដោយប្រទេសបារាំង និង IOC ដែលប្រារព្ធឡើងនៅមុនថ្ងៃនៃព្រឹត្តិការណ៍កីឡា​អូឡាំ​ពិកប៉ារីស ឆ្នាំ២០២៤ ដែលវានឹងក្លាយជាវេទិកាដ៏ពិសេស​មួយក្នុងការផ្សារភ្ជាប់ ចែករំលែកឧត្តមានុវត្ត និងសម្រប​សម្រួល​ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការប្តេជ្ញាចិត្ត​រួមគ្នាលើកកម្ពស់វិស័យកីឡាប្រកបដោយសុវត្ថិភាព បរិយា​បន្ន និងនិរន្តរភាព។

កិច្ចប្រជុំកំពូលនេះនឹងក្លាយជាឱកាសពិសេសមួយដើម្បីបង្ហាញ និងអបអរសាទរពីឥទ្ធិពលរួមនៃវិស័យកីឡា និងអូឡាំពិក នៃគំនិតផ្តួចផ្តើមកីឡា និងឧត្តមគតិអូឡាំពិកនៅក្នុងសង្គម ជាង ៥០០គម្រោង ដែលបានគាំទ្រដោយ IOC ។

គំនិតផ្តួចផ្តើមទាំងនេះរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងគូសបញ្ជាក់ពីភាពដឹកនាំរបស់ IOC នៅក្នុងកីឡាសុវត្ថិភាព “Safe Sport”។

អ្នកចូលរួមកិច្ចប្រជុំកំពូឡនេះរួមមាន តំណាងមកពី​ចលនា​អូឡាំពិក ដូចជាអត្តពលិក អ្នកដឹកនាំវ័យក្មេង ដៃគូអូឡាំពិក “TOPS” និងតំណាងគណៈកម្មាធិការជាតិអូឡាំពិក “NOCs”, សហព័ន្ធកីឡាអន្តរជាតិ “Ifs” ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ ស្ថាប័នអភិវឌ្ឍន៍ និងហិរញ្ញវត្ថុ និងអង្គការ​ក្រៅរដ្ឋាភិបាលមកពីជុំវិញពិភពលោក៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner