បើកការដ្ឋានសាងសង់ផ្លូវថ្មីក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងគុណភាពជីវិត
កំពង់ធំ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២.៩ គីឡូម៉ែត្រ នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានអបអរសាទរចំពោះការចូលរួមរបស់ដៃគូអន្តរជាតិ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ក្នុងការប្រមូលផ្ដុំធនធាន និងកិច្ចសហការដើម្បីអភិវឌ្ឍសហគមន៍ជនបទ។ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយពេលវេលានិងចំណាយ ក៏ដូចជាបង្កើនលទ្ធភាពទទួលបានសេវាកម្មសុខាភិបាល ការអប់រំ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា គម្រោងនេះនឹងជំរុញការអភិវឌ្ឍខេត្តកំពង់ធំហើយផ្លូវថ្មីៗទាំងនេះនឹងជាឧបករណ៍ដ៏សំខាន់ក្នុងការបង្កើតឱកាសវិនិយោគថ្មីៗ។
សូមជម្រាបថា គម្រោងនេះស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលជាសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា រួមមាន មូលនិធិសហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)៕





ដោយ៖ប៊ុនរដ្ឋា