សត្វពាហនៈជាង ១០ ម៉ឺនក្បាលងាប់ និងបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នៅអូស្រ្តាលី
កង់បេរ៉ា ៖ ទឹកជំនន់ដ៏បំផ្លិចបំផ្លាញបានជន់លិចផ្ទៃដីរបស់កសិករនៅតំបន់ដាច់ស្រយាលនៃរដ្ឋ Queensland នាំឱ្យសត្វពាហនៈជាង ១០០.០០០ ក្បាលបានងាប់ និង បាត់ខ្លួន។
យោងតាមទិន្នន័យបឋមពីនាយកដ្ឋានឧស្សាហកម្មបានប៉ាន់ប្រមាណថា សត្វពាហនៈចំនួន ១០៥.៣៤៨ ក្បាល ឬបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់បានប៉ះពាល់ដល់ផ្ទៃដីប្រវែង ៣.១៨៣គីឡូម៉ែត្រ និង ផ្លូវឯកជនប្រវែង ៤.០៧៦គីឡូម៉ែត្រ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនៃរដ្ឋ Queensland លោក Tony Perrett និយាយថា តួលេខនេះ គឺ “គួរឱ្យភ្ញាក់ផ្អើល” ហើយលោកបានព្រមានថា តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលទឹកជំនន់បានស្រកចុះ។
លោក Perrett បន្តថា គោ ចៀម ពពែ និងសេះជាង ១០០.០០០ ក្បាលបានងាប់ ឬបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ ដែលលេបត្របាក់ផ្ទៃដីប្រហែល កន្លះលានគីឡូម៉ែត្រការ៉េនៃភាគខាងលិចរដ្ឋ Queensland។
លោក Perrett បន្ថែមថា រដ្ឋាភិបាលបានកៀងគរជំនួយស្បៀងអាហារ និងប្រេងឥន្ធនៈ រួមទាំងការដាក់ពង្រាយបុគ្គលិកជួយសង្គ្រោះ ហើយប្តេជ្ញាថា នឹងធ្វើឱ្យរដ្ឋ Queensland ភាគខាងលិចវិលមកប្រក្រតីឡើងវិញឆាប់ៗនេះ។
ទន្ទឹមនឹងនេះ អ្នកព្យាករណ៍ឧតុនិយមបានព្រមានថា សំណល់នៃព្យុះស៊ីក្លូន Dianne ដែលពីមុនជាព្យុះត្រូពិចនោះ នឹងពាំនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀតក្នុងកម្រិត ៥សង់ទីម៉ែត្រ ឬច្រើនជាងនេះក្នុងអំឡុងសប្តាហ៍នេះ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា