សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី
(កំពង់ចាម)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លើកឡើងថា ដោយបានទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ី តាមរយៈការអប់រំ ផ្សព្វផ្សាយ បង្កើតកម្មវិធីចែករំលែកពីទ្រឹស្តីនិងអនុវត្តដោយផ្ទាល់លើការការពារបរិស្ថាន ជីវចម្រុះ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង និង អនាម័យសាធារណ:។ ដោយឡែកឆ្នាំនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីនៃការយល់ដឹងពីអរិយធម៌អេកូឡូស៊ី នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោក ង៉ូវរីន ហាប៉ូនីកា អភិបាលរងស្រុកជើងព្រៃ និងជាអតីតនាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ បានឱ្យដឹងថា តាមរយៈបទបង្ហាញនាថ្ងៃនេះ គណៈគ្រប់គ្រង សិស្សានុសិស្ស និងអាណាព្យាបាលបានយល់កាន់តែច្រើនពីកិច្ចការពារបរិស្ថាន និងសមិទ្ធផលជាច្រើនដែលប្រទេសចិនសម្រេចបានក្រោមស្លាក នៃទិវាជាតិអរិយធម៌អេកូឡូស៊ី ។ លោកក៏បានសាទរនឹងផលិតផលរថយន្តអគ្គិសនីBYDដែលបានលក់ក្នុងបរិមាណដ៏ច្រើនលើសលុប ជួយយ៉ាងច្រើនដល់ចំណែកនៃកិច្ចបង្កើនសម្រស់បៃតងភាពដល់ផែនដីដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នា។ លោកក៏បានថ្លែងអំណរគុណដល់លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPEACELANDប្រចាំកម្ពុជាដែលបានផ្តល់ដបទឹកអ៊ីណុកចំនួន២០រួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិទ្យាល័យ ។
លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា បានថ្លែងថា កិច្ចកសាងសហគមន៍រួមជីវិតនៅក្នុងអរិយធម៌ចិនមានអាយុកាលជាង ២៧០០ឆ្នាំ ដោយបានលើកកម្ពស់ការថែរក្សាបរិស្ថានដូចជាការថែរក្សាកែវនេត្រារបស់ខ្លួន។ ការផ្សារភ្ជាប់ជាមួយបរិស្ថានក្នុងពេលបុណ្យឆេងម៉េង បានក្លាយជាចលករដល់ក្រុមការងារមកដាំដើមផ្ការំដួលនៅក្នុងវិទ្យាល័យនេះ ហើយលោកបានបញ្ជាក់ថា ដើមផ្ការំដួលមិនត្រឹមតំណាងផ្កាជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំង អាចស្រូបកាបូនឌីអុកស៊ីតបាន ២១គីឡូក្រាមក្នុងមួយឆ្នាំទៀតផង។ លោកសង្ឃឹមថា ដើមផ្ការរំដួលនាថ្ងៃនេះ ប្រាកដជាចាក់ឫសយ៉ាងជ្រៅ និងរឹងមាំដូចការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា ៕






ដោយ ៖ ង៉ាន់ ទិត្យ