មីយ៉ាន់ម៉ាកាន់ទុក្ខ ៧ថ្ងៃ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើនជាង ៣.០០០ នាក់
ណៃពិដោ ៖ មីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខថ្នាក់ជាតិ ៧ថ្ងៃ ដល់ជនរងគ្រោះបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញដែលឆក់យកជីវិតមនុស្សកើនជាង ៣,០០០ នាក់ ខណៈក្តីសង្ឃឹមរុករកអ្នកនៅមានជីវិតពីគំនរបាក់បែកនៃអគារដួលរលំបានរលាយ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង់ជាតិនឹងត្រូវបង្ហូតឡើងត្រឹមពាក់កណ្តាលបង្គោល រហូតដល់ថ្ងៃទី៦ ខែមេសាខាងមុខ ដើម្បីជាការសម្តែងការអាណិតអាសូរចំពោះការបាត់បង់អាយុជីវិត និងការខូចខាតក្នុថគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រកាលពីថ្ងៃសុក្រ។
កាលពីព្រឹកថ្ងៃចន្ទ ការរញ្ជួយដីកម្រិត ៤,៧រិចទ័រ បានវាយប្រហារទីក្រុង Mandalay ម្ដងទៀត ដោយមានសេចក្ដីរាយការណ៍អំពីការញ័រច្រើនជាង ២០០ ករណី។
ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងប្រជែងនឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់ដែលជាប់នៅក្រោមសំណង់អគារដែលដួលរលំ ខណៈដែលការរញ្ជួយដីនៅតែបន្តអង្រួនក្នុងតំបន់។
យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា