បារាំង និង អង់គ្លេសចចេសចង់ដាក់ពង្រាយទ័ពនៅអ៊ុយក្រែន ទោះបីរុស្ស៊ីព្រមានផ្ទុះសង្គ្រាម
ឡុងដ៍ ៖ បារាំង និង អង់គ្លេសនៅតែចិញ្ចឹមចិត្តចង់បញ្ជូនកងទ័ពជើងទឹក និងទ័ពអាកាសទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជារុស្ស៊ីធ្លាប់បានព្រមានធ្ងន់ៗថា ការធ្វើបែបនេះ នឹងនាំឲ្យផ្ទុះសង្គ្រាមរវាងណាតូ និងរុស្ស៊ីក៏ដោយ។ នេះបើតាមកាសែត Washington Post ដកស្រង់ប្រភពពីប្រទេសបារាំងចុះផ្សាយកាលពីថ្ងៃអាទិត្យ។
បារាំង និង អង់គ្លេសដែលជាប្រទេសសមាជិកអង្គការណាតូ បានគាំទ្រដល់កម្លាំងរក្សាសន្តិសុខដឹកនាំដោយអ៊ឺរ៉ុប ដែលមានផែនការដាក់ពង្រាយទៅកាន់ទីក្រុង និងទីតាំងនានារបស់អ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិជួរមុខ ប៉ុន្តែផែនការនេះក៏ទាមទារការយល់ព្រមពីសមាជិកផ្សេងទៀតផងដែរ។
បន្ថែមលើនេះ ក្រុមយោធាបារាំង-អង់គ្លេស គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ុយក្រែនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីវាយតម្លៃចំនួនកងទ័ពដែលត្រូវការ និងទីតាំងដាក់ពង្រាយដ៏មានសក្តានុពល។
ទោះបីជាយ៉ាងណា ប្រទេសជាច្រើននៅអឺរ៉ុបត្រូវបានគេរាយការណ៍ថា ហាក់ស្ទាក់ស្ទើរក្នុងការបញ្ជូនកងទ័ពដោយគ្មានការធានាពីរដ្ឋបាលលោក ដូណាល់ ត្រាំ ខណៈមន្ត្រីអឺរ៉ុបកំពុងស្វែងរកការគាំទ្រពីអាមេរិក ក្នុងទម្រង់ជាការការពារដែនអាកាស ចារកម្ម និងយន្តហោះចម្បាំង។
យ៉ាងណាមិញ រុស្ស៊ីបានចេញមកព្រមានធ្ងន់ៗប្រឆាំងនឹងការដាក់ពង្រាយកងទ័ពបរទេសដោយគ្មានការអនុញ្ញាតទៅកាន់អ៊ុយក្រែន ហើយខ្លួននឹងចាត់ទុកពួកគេគឺជាគោលដៅវាយប្រហារស្របច្បាប់ មិនថា ពួកគេស្ថិតនៅក្រោមទង់ជាតិអឺរ៉ុប ឬក៏ទង់ជាតិប្រទេសណានោះទេ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
V: STOCKSHOTS : NATO’s western forces