អ៊ុយក្រែនជាង ៤ ម៉ឺននាក់រស់ក្នុងភាពងងឹត ដោយសាររុស្ស៊ីវាយលុកផ្លូវអាកាស
កៀវ ៖ មនុស្ស រាប់ម៉ឺន នាក់ នៅ ភាគខាងត្បូង ប្រទេស អ៊ុយក្រែន កំពុងរស់នៅក្នុងភាពងងឹតសុន្យសុង និងគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែការវាយប្រហារផ្លូវអាកាសរបស់ រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiga បានប្រាប់សន្និសីទកាសែតមួយថា នៅព្រឹកនេះ ការវាយប្រហាររបស់រុស្ស៊ីមួយផ្សេងទៀត បានបំផ្លិចបំផ្លាញរោងចក្រថាមពលនៅ Kherson ធ្វើឱ្យអ្នកស្រុកចំនួន ៤៥.០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់។

រុស្ស៊ីបានច្រានចោលសំណើរួមគ្នារវាងអាមេរិក និងអ៊ុយក្រែន សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងពេញលេញ ប៉ុន្តែនិយាយថា ខ្លួនយល់ព្រមបញ្ឈប់ការវាយលុកទីតាំងថាមពលអ៊ុយក្រែនជាបណ្តោះអាសន្ន។
ប៉ុន្តែអ៊ុយក្រែនបានចោទប្រកាន់ថា រុស្ស៊ីបានវាយលុកទីតាំងថាមពលខ្លួនម្តង ហើយ ម្តង ទៀត។ រីឯរុស្ស៊ីវិញ ក៏បានចោទប្រកាន់អ៊ុយក្រែនពីការវាយលុកទីតាំងថាមពលខ្លួនផងដែរ។
រុស្ស៊ីបានបើកការវាយប្រហារផ្លូវអាកាសជាប្រព័ន្ធទៅលើរោងចក្រថាមពល និងបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពាននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
